|

កម្មករ និងពលរដ្ឋខេត្តស្ទឹងត្រែង ជាង៦ពាន់នាក់ ទទួលបានការព្យាបាលជំងឺ និងចែកឱសថដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី


ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ហ៊ុន ម៉ានី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៥០០នាក់ ដឹកនាំរបស់ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ កម្មករចំនួន៦.៨៧៩នាក់ នៅអនុវិទ្យាល័យ អូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនេះ ក៏មានការបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដល់ ដូសទី៦ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្មផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងកោតសរសើរខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ធ្វើការពិតប្រាកដ ដូចភ្លៀងរលឹម និងមានសកម្មភាពយ៉ាងសកម្មក្នុងការចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។

គួរបញ្ជាក់ថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌ ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋកម្ពុជា។ កន្លងមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានបំពេញបេសកកម្មជាច្រើន ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៨៨២លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៥៥៩,០៦០នាក់មកហើយ ក្នុងនោះស្ត្រីមានចំនួន ៥,៩០៥,១៧៩នាក់។