|

សម្ដេច ហ៊ុន សែន រំពឹងថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនាពេលអនាគត


មានប្រសាសន៍លើកឡើងដូច្នេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផល ដែលផលិតដោយស្នាដៃខ្មែរ នៅតាមស្ដង់នានា ក្នុងឱកាសនៃការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នាថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះផងដែរ សម្ដេចតេជោបានឲ្យដឹងថា សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ ដោយមកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។

សម្ដេចតេជោសង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍៕

ប្រភព: Samdech Hun Sen, Cambodian Prime Ministers