|

ឯកឧត្តម ហ៊ុន ម៉ានី រំលឹកដល់សមាជិក សមាជិកាឱ្យត្រៀមរៀបចំឯកសារ និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ស្របតាមគោលការណ៍សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក


ប្រសាសន៍នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៥៥នាក់ ស្រី១៦៤នាក់ ក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មីដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាពីពេលនេះតទៅ។

ជាមួយគ្នានេះ ឯកឧត្តមបានស្វាគមន៍ដោយការរំលឹកពីថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធគណបក្ស ដែលតែងតែនៅក្បែរប្រជាជន និងមិនទៅណាចោលប្រជាជន ដែលជាគំរូវីរភាពដល់សមាជិក សមាជិកាបក្សដែលតែងតែចេះជួយយកអាសារគ្នា នៅក្បែរជួយទុក្ខលំបាកគ្នាក្នុងគ្រាលំបាក។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានរំលឹកដល់សមាជិក សមាជិកាថ្មីឱ្យតៀមរៀបចំឯកសារ និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ខាងមុខនេះទាំងអស់គ្នាស្របតាមគោលការណ៍សមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក។