| |

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការអប់រំប្រកបដោយ គុណភាព សមធម៌ បរិយាប័ន្ន នឹងបង្កើតកាលានុវត្តភាពសិក្សា ពេញមួយជីវិត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាស្តីពី «ការផ្តល់ភាពអង់អាចដល់យុវជន ៖ ការអប់រំ ការងារ និងសុខភាព» នៅមជ្ឈមណ្ឌលម៉ានី អគារដឹខេមភឹស(The Kampus) រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលបានចូលរួមដោយផ្ទាល់ និងតាមរយៈ អនឡាញ ក្នុងសិក្ខាសាលានាថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ការកំណត់ ប្រធានបទនេះ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជន ចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ពីព្រោះថាបញ្ហាទាំងនេះ មានឥទ្ធិពលពេញ មួយជីវិតរបស់ពួកគាត់ ។

លោកជំទាវបានបន្តទៀតថា សារប្រយោជន៍នៃការអប់រំ និងការងារដែលផ្តល់ជាពុទ្ធិនិងបណ្តុះជាគំនិត សម្រាប់ការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីពការងារ សមស្រប ផងដែរ។ ស្របពេលនេះដែរ ការយល់ដឹងទូលំទូលាយ អំពី សុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិជា កាតាលីករ មួយដ៏សំខាន់ដើម្បីជួយដល់យុវជន ក្នុងការបង្ការហានិភ័យ សុខភាពផ្លូវភេទដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ទៅដល់ ការ សិក្សា និងអនាគតរបស់ខ្លួន។ បរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេស បន្ទាប់ពីការ រីករាលដាលនៃជំងឺកូវីដ១៩ ការកើនឡើង និងរីកចម្រើនយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យា ក៏ដូចជាឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល តម្រូវឱ្យ យើង ទាំងអស់គ្នា យកចិត្តទុកដាក់បន្ថែមក្នុងការសម្រប និងវិវឌ្ឍខ្លួនឱ្យ សមស្រប ទៅតាមការវិវឌ្ឍនៃវិស័យទាំងអស់នេះផងដែរ។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍវិស័យអប់រំ ក្នុងគោលបំណង ឱ្យអ្នកសិក្សាគ្រប់រូប បានទទួលការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតកាលានុវត្តភាពសិក្សា ពេញ មួយជីវិត។ ចំពោះវិស័យការងារ រាជរដ្ឋាភិបាលប្រឹងប្រែងបង្កើនមុខរបរ ធានា លក្ខខណ្ឌ ការងារសមរម្យ អភិវឌ្ឍរបបសន្តិសុខសង្គម និងពង្រឹងការ ផ្តល់ សេវាគាំទ្រ។ សម្រាប់វិស័យសុខាភិបាល ស្ថានភាពសុខភាពប្រជាពលរដ្ឋ និង ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាអាទិភាពចម្បង ដែលជានិច្ចកាលយើងផ្តោតលើការពង្រីក ការ គ្របដណ្តប់នៃសេវាសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈ តាមរយៈ កម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា-ទារក កុមារ កម្មវិធីអាហារូបត្ថម្ភ និងការប្រយុទ្ធនឹងជំងឺឆ្លងនិងជំងឺមិនឆ្លង៕

ប្រភពៈ Men Sam An Cambodia Deputy Prime Minister