|

ឆឺតៗ! រំលងបាន១ឆ្នាំ ទិវាវប្បធម៌ត្រៀមអង្រួនចិត្តក្រោមទិសស្លោកមួយអានហើយព្រឺរោម!


ទិវាវប្បធម៌ ឬ Culture Day ត្រូវបានបង្កើតឡើង និងរៀបចំដំបូងបង្អស់ក្នុងឆ្នាំ២០០៦ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រីបណ្ឌិត រិត សំអុល ជាសាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់ទេសចរណ៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តែម្តង។

ជាការពិត យោងតាមការសម្ភាសផ្ទាល់រវាង Brand News ជាមួយនឹងកញ្ញា សយ សុភា ដែលជាសាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់ទេសចរណ៍បានឲ្យដឹងថា មូលហេតុដែលនាំឲ្យពួកយើងបង្កើតទិវាវប្បធម៌នេះឡើងគឺដោយសារ៖

ទី១). ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ទី២). ដើម្បីរំលឹក និងបង្ហាញវប្បធម៌ខ្មែរដ៏សំបូរបែបតាមរយៈការតាំងបង្ហាញស្នាដៃផ្ទាល់របស់និស្សិតក្នុងថ្ងៃកម្មវិធី និង

ទី៣). ដើម្បីបង្កើតបរិយាកាសជួបជុំសប្បាយៗរវាងសិស្សច្បង សិស្សប្អូន សាស្ត្រាចារ្យ និងអ្នកចូលរួម។

បន្ថែមពីនេះដែរ សាស្ត្រាចារ្យ សយ សុភាបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០នេះ ទិវាវប្បធម៌នឹងប្រារព្ធឡើងក្រោមទិសស្លោក “ចាយប្រាក់រៀលខ្មែរ ថែវប្បធម៌ និងអត្តសញ្ញាណជាតិ” ក្នុងគោលបំណងចូលរួមលើកស្ទួយប្រាក់រៀលខ្មែរ (៛) និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ១០ តុលា ១៩៧៩ – ១០ តុលា ២០១៩។

ជាចុងក្រោយ សាស្ត្រាចារ្យ សយ សុភា បានសំណូមពរឲ្យយើងទាំងអស់គ្នាចូលរួមផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងអញ្ជើញចូលរួមឲ្យបានច្រើនកុះកុរ ព្រោះកម្មវិធីនេះពុំមានលក់សំបុត្រអ្វីឡើយ គឺចូលរួមដោយសេរី និងទទួលស្វាគមន៍មិត្តៗនិស្សិត បងប្អូនទូទៅគ្រប់មជ្ឍដ្ឋាន។

សូមបញ្ជាក់ផងដែរថា ទិវាវប្បធម៌នឹងត្រៀមរៀបចំឡើងជាថ្មីក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច៕

រូបភាព៖ ទិវាវប្បធម៌ – RUPP-DoT & DIBM’s Culture Day

អត្ថបទ៖ សារិ សៀងម៉េង