|

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រើក្រមាខ្មែរក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិន១២៥នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កម្ពុជាបានរៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន១២៥នាក់ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នេះជាជើងហោះហើរលើកទី១ពីប៉េកាំងមកភ្នំពេញ ក្រោយរាជរដ្ឋាភិបាលចិនបានបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ។ ការមកដល់របស់ភ្ញៀវទេចរចិនលើទឹកដីកម្ពុជានាឱកាសនេះ បានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។

អ្វីដែលគួរចាប់អារម្មណ៍នោះគឺ ឯកឧត្តមរដ្ឋមន្ត្រីបានប្រើក្រមាខ្មែរដ៏ស្រស់ស្អាត និងចម្រុះពណ៌ ដើម្បីបំពាក់ជូនភ្ញៀវទេចរទាំង១២៥ ដែលនៅក្នុងបរិបទវប្បធម៌ ដើម្បីបង្ហាញការទទួលស្វាគមន៍ ដែលក្នុងបរិបទវប្បធម៌ ក្រមាខ្មែរគឺបង្ហាញនូវអត្តសញ្ញាណជាតិ ដែលប្រជាជនខ្មែរបានប្រើប្រាស់តាំងពីបុរាណកាលមកម៉្លេះ ដោយមានចម្លាក់នៅតាមជញ្ជាំងប្រាសាទជាតឹកតាងបញ្ជាក់យ៉ាងច្បាស់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។ ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក៕

ប្រភព៖ ក្រសួងទេសចរណ៍