|

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣


នាព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស ២៥៦៦ – ២៥៦៧ គ.ស ២០២៣ នៅទីលានជល់ដំរី ក្នុងតំបន់អង្គរធំ ខេត្តសៀមរាប ។

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ពិធីនេះក៏មានការអញ្ជើញរួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ ឯកឧត្តម គីម រិទ្ធី ឯកឧត្តម ទៀ សីហា អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក អាជ្ញាធរដែនដី គណៈកម្មាធិការរៀបចំ សិស្សានុសិស្សជាច្រើននាក់ផងដែរ។

ឆ្នាំនេះជា ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។ តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ បានចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។

សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាបដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណង ប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើអោយរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនាដ៏ផូរផង់របស់ខ្មែរ៕