| |

កម្ពុជា ទទួលបានការនាំចេញស្រូវ អង្ករ សរុប១២០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ


ស្រូវ អង្ករកម្ពុជា គឺជាវិស័យមួយដ៏សំខាន់មួយ សម្រាប់សេដ្ឋកិច្ចជាតិ។ លើសពីការផ្គត់ផ្គង់សម្រាប់តម្រូវការក្នុងស្រុក ស្រូវ អង្ករកម្ពុជា ក៏ជាផលិតផលនាំចេញឈានមុខរបស់កម្ពុជា ដែលមានការទទួលស្គាល់ពីបរទេសលើផ្នែកគុណភាពរសជាតិ ក្លិន ភាពទន់ និងចំណុចពិសេសៗផ្សេងទៀត។

យោងទៅតាម លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងនៅក្នុងសុន្ទរកថាក្នុងពិធីបុណ្យអង្ករលើកទី៥ និងជាលើកទី១ នៅក្នុងខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូងនៅឆ្នាំ២០០៩ ដែលមានបរិមាណប្រមាណជា ៦០០តោន ហើយបានបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង ៦៣ម៉ឺនតោនជាមធ្យម នៅក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។

លោក បានបន្តថា វិស័យស្រូវអង្ករនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ ដែលបានធ្វើការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤១៨លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៨៨១ លានដុល្លារសហរដ្ឋអាមេរិក បើសរុបទាំងការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់សរុបប្រមាណជាង ១ ២០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលជាចំណែកមួយយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា អង្ករកម្ពុជាបានទទួលកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃជាពិសេសប្រភេទអង្ករម៉ាកវិញ្ញាតកម្ម “ម្លិះអង្គរ” ជាប្រភេទពូជស្រូវផ្ការំដួល បានជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង គឺនៅឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ សម្រាប់ការប្រកួតចុងក្រោយក្នុងឆ្នាំ២០២២ អង្ករពូជស្រូវផ្ការរំដួលដែលស្ថិតក្រោមម៉ាកវិញ្ញាតកម្ម “ម្លិះអង្គរ” ត្រូវបានជាប់ជាអង្ករល្អបំផុតពិភពលោក ដោយជ្រើសរើសចេញពីវត្ថុសំណាកអង្ករគម្រូចំនួនជាង ៤០សំណាកអង្ករដែលផ្តល់ដោយប្រទេសចំនួន៨ប្រទេស៕

ប្រភព: សហព័ន្ធស្រូវ អង្ករកម្ពុជា