សម្ដេច ហ៊ុន សែន ចាត់ទុកវិស័យអប់រំ និងវិស័យសុខាភិបាលជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការរដ្ឋានមន្ទីរពេទ្យប្រមាណ១,២០០នាក់។
ថ្លែងប្រសាសន៍នាឱកាសនេះ សម្ដេចបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការកសាងមន្ទីរពេទ្យនេះឡើង ផ្អែកលើបទពិសោធន៍ដែលកម្ពុជាទទួលបានអំឡុងឆ្នាំ២០០០ ២០០១ និងរយៈពេលចុងក្រោយនេះ ពោលគឺនៅឆ្នាំ២០២០ ២០២១ ដែលកម្ពុជាយើងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យយើងជួបការលំបាក ដោយពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺដែលមានរាប់ម៉ឺននាក់។ អ្វីទាំងអស់នេះ បានដាស់តឿនឱ្យយើងយកចិត្តទុកដាក់ទៅលើកិច្ចការដែលយើងត្រូវធ្វើ ត្រូវមានសមត្ថភាពដើម្បីគ្រប់គ្រងស្ថានការលំបាកនានា និងជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងនឹងសុខមាលភាពរបស់ប្រជាជនផងដែរ។
ស្របតាមការអនុវត្តលើគោលដៅអាទិភាពរយៈពេលវែងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យអប់រំ និងវិស័យសុខាភិបាលជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ។ ក្រសួងនានា អាចកាត់បន្ថយការជ្រើសរើសបុគ្គលិក ដោយឡែកចំពោះក្រសួងសុខាភិបាល បុគ្គលិកពេទ្យត្រូវមានការកើនឡើងក្នុងកម្រិតណាមួយ ដែលសម្ដេចចាត់ទុកថានេះជាសញ្ញាល្អនៃសង្គមដែលមានភាពជឿនលឿន និងរីកចម្រើន។
ស្ថិតក្នុងឱកាសនេះ សម្ដេចក៏បានប្រកាសឱ្យមានការប្រឡងជ្រើសរើសគ្រូពេទ្យក្នុងក្របខណ្ឌចំនួន២០០នាក់បន្ថែមទៀត និងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន៣០០នាក់ ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាពនេះ ដើម្បីបំពេញបន្ថែម ស្របតាមតម្រូវការក្នុងវិស័យសុខាភិបាល។
គួរបញ្ជាក់ថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព បានបើកដំណើរការនៃការសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងនឹងដាក់ឱ្យដំណើរការនៅមិថុនា ឆ្នាំ២០២៣ខាងមុខ។ មន្ទីរពេទ្យតេជោសន្ដិភាព ក៏នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រមជាមួយការបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រទំនើបៗផងដែរ៕
ប្រភព : Samdech Hun Sen, Cambodian Prime Minister
រូបភាព: ក្រសួងព័ត៌មាន – Ministry of Information