|

ឯកឧត្តម ហ៊ុន ម៉ានី៖ សម្រាប់សុទិដ្ឋិនិយមនៃនយោបាយក្នុងតំបន់ «យ៉ាងហោចណាស់ ក្នុងនាមយើងជាម្ចាស់ផ្ទះក៏យើងបានថែរក្សាថ្មដ៏ក្ដៅ ឱ្យត្រជាក់បន្តិចមុននឹងប្រគល់ជូនប្រធានអាស៊ានប្ដូរវេនបន្ត»


នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ កម្ពុជាបានរៀបចំពិធីបិទនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមអធិបតីភាពអញ្ជើញបិទដោយ សម្ដេច ពញ្ញាចក្រី ហេង សំរិន ព្រមទាំងការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី និងបណ្ដាប្រធានគណៈប្រតិភូនៃបណ្ដាសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសជាដៃគូអង្កេតការណ៍ផងដែរ ក្នុងការពិភាក្សាយ៉ាងស្វិតស្វាញ និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាស្ថាប័ននិតិបញ្ញត្តិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣​«បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការលើកឡើងពាក់ព័ន្ធនឹង​សុទិដ្ឋិនិយមនៃនយោបាយក្នុងតំបន់ ក្នុងអំឡុងពេលកម្ពុជាយើងក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលនានាថា៖ ក្នុងនាមយើងជាម្ចាស់ផ្ទះ ពេលដែលយើងអាចរៀបចំនូវវេទិកាមួយទទួលភាគីដែលមានភាពតានតឹងជាមួយគ្នា ដើម្បីមកជួបឆ្លើយឆ្លងគ្នា ឬការចូលរួមជាមួយគ្នា ដើម្បីលើកមតិយោបល់ក្ដី ជាចំណុចដ៏សំខាន់មួយ។

ឯកឧត្តម បានបន្តថា សម្រាប់ការដោះស្រាយបញ្ហា និងធ្វើឱ្យស្ថានភាពនយោបាយក្នុងតំបន់មានការធូរស្រាយ ឬយ៉ាងណា គឺត្រូវផ្អែកទៅលើថាអ្វីដលជាបញ្ហា ហើយតួនាទីរបស់យើងគឺការសម្របសម្រួល ហើយផ្ដល់វទិកា ដើម្បីការពិភាក្សា។ ជាក់ស្ដែង សម្រាប់បញ្ហានៅមីយ៉ាន់ម៉ា ក្នុងនាមយើងជាប្រធានអាស៊ានប្ដូរវេន និងជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល យ៉ាងហោចណាស់ក៏យើងបានថែរក្សាថ្មដ៏ក្ដៅ ឱ្យត្រជាក់បន្តិចមុននឹងប្រគល់ជូនមិត្តឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន។

ឯកឧត្តម ក៏បានបញ្ជាក់ថា កន្លងមកពាក់ព័ន្ធនឹងបញ្ហានៅភូមា មុននឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមិនដែលមានសេចក្ដីសម្រេចណាពាក់ព័ន្ធនោះទេ ដោយឡែកនៅក្នុងវេទិកាដែលដឹកនាំដោយកម្ពុជា លើប្រធានបទដូចគ្នា ប៉ុន្តែយើងបានស្វាគមន៍ និងសម្របសម្រួលចំពោះគ្រប់ភាគីទាំងអស់ទៅលើអ្វីដែលអាចទទួលយកបាន ហើយលទ្ធផលដែលឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង និងយន្តការអាស៊ាន បានធ្វើឱ្យមានការវិវត្តមួយដ៏វិជ្ជមាន ដូចជាការដោះលែងជនជាប់ទោសទាំង៥,៧៧៤នាក់ ព្រមទាំងជំរុញឱ្យមានការគាំទ្រនូវសេចក្ដីសម្រេចរបស់យើងជាបន្តបន្ទាប់ ដែលនេះជាអ្វីដែលយើងគួរមានមោទកភាពក្នុងនាមជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា អន្តរសភាអាស៊ាន AIPA គឺវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត៧០០លាននាក់ ក្នុងក្របខណ្ឌនិតិបញ្ញតិក្នុងការប្រមូលផ្ដុំមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិស្និទ្ធក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោក ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក្នុងន័យជំរុញឱ្យមានសន្តិសុខ សន្តិភាព និងវិបុលភាព៕

ដោយ៖ Phat koemchhe
ប្រភព៖ Samdech Heng Samrin, President of the National Assembly