ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីភាពខុសគ្នារវាងអ្នកដឹកនាំប្រទេស និងអ្នកតាំងខ្លួន
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ តុលាការបារាំងបានចេញសេចក្ដីប្រកាស ដោយសម្រេចថា សម្ដេច ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្សី នោះទេ។
ទន្ទឹមនឹងការអបអរសាទរជាមួយនឹងសេចក្ដីសម្រេចនេះ ឯកឧត្តម ហ៊ុន ម៉ានី ឆ្លុះបញ្ចាំងឱ្យឃើញអំពី «ភាពខុសគ្នារវាងអ្នកដឹកនាំប្រទេស និងអ្នកតាំងខ្លួន» ដោយឯកឧត្តម បានលើកឡើងថា «ទង្វើប៉ុនប៉ងដោយចេតនាក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាង និងបំភ្លៃការពិត ដែលនាំអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ និងសកម្មជនក្រុមប្រឆាំង។ តែយ៉ាងណាក្តី ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។ តាមរយៈសេចក្តីសម្រេចនាពេលនេះ ជាអាទិ៍ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។
ការប៉ុនប៉ងទាំងនេះ ពិតណាស់មិនអាចកែប្រែតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជានោះឡើយ ជាពិសេសចំពោះតួនាទី និងគំរូវីរភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលធ្លាប់ឆ្លងកាត់សង្រ្គាមចំនួន ១០៥ សមរភូមិ រំដោះប្រទេសជាតិបានយ៉ាងជោគជ័យពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត និងជាវីរជនស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨។ រឹងរិតតែមិនអាចបំភ្លៃបាននោះ គឺស្នាដៃសម្តេចនាយករដ្ឋមន្រ្តីក្នុងការការពារបូរណភាពទឹកដីចេញពីការឈ្លានពានរបស់ប្រទេសជិតខាងកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ និងជាពិសេស ស្នាដៃដ៏គួរជាទីមោទនៈក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ រួមផ្សំនឹងគោលនយោបាយដ៏មានប្រសិទ្ធភាព ជាពិសេសគោលនយោបាយគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ជនក្រីក្រ។
សម្រាប់បុគ្គលណា ដែលតាំងខ្លួនថាជាអ្នកនយោបាយ ឬអ្នកវិភាគនយោបាយ តែមិនខ្វាយខ្វល់តាមដានពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលកំពុងបន្តទទួលរងផលប៉ះពាល់ដោយជំងឺ CoVID19 បញ្ហាអតិផរណា ដែលកើតចេញពីសង្គ្រាម Ukraine-Russia និងផលអវិជ្ជមានជារួមចេញពីទណ្ឌកម្មសេដ្ឋកិច្ច (Economic sanctions) នានានោះ គឺទុកឲ្យទៅតាមហ្នឹងចុះ ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋខ្មែរបង្វែរមកមើលការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលតែងតែនៅជាមួយប្រជាជន បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដែលប៉ះពាល់ជីវភាពរបស់ប្រជាជន តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានលក្ខណៈសក្តិសមជាគណបក្សកាន់អំណាចក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង និងជាប្រចាំ»៕
ដោយ៖ Brandmedia
ប្រភព៖ Hun Mnay