សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIC) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលេចឡើងអំពីបញ្ហានៃការដកហូតតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីពេលថ្មីៗកន្លងទៅនេះ។
ឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ សម្ដេច បានធ្វើការបញ្ជាក់អំពីមូលហេតុនៅពីក្រោយរឿងនេះដោយផ្អែកលើមាត្រា២០ នាយករដ្ឋមន្ត្រីលើកសំណើរថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលដោយព្រះរាជក្រឹត្យ។ សម្ដេចបានធ្វើការលើកឡើងថា «បញ្ហាមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺមិនបានដូចបំណង»។
យ៉ាងណាមិញ សម្ដេចបានបន្តថា «យ៉ាងណាក៏សាច់ឈាមរបស់យើង និងជាមន្ត្រីដែលធ្វើការជាមួយយើង ដូច្នេះយើងមិនបោះបង់ទៅណាទេ ប៉ុន្តែយើងត្រូវការការទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិកម្មឱ្យដើរលឿនទៅមុខ»។
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់មុខតំណែងជារដ្ឋមន្ត្រីក្រសសួងកសិកម្ម ឯកឧត្តម វែង សាខុន ត្រូវបានសម្ដេចធ្វើលិខិតទៅព្រះបរមរាជវាំង ដើម្បីតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister