វៀតណាមបង្ហាញក្ដីរំពឹងថា និស្សិតកម្ពុជានៅវៀតណាមនឹងដើរតួនាទីជាស្ពានតភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ
សមាគមវៀតណាមសម្រាប់ការលើកកម្ពស់ការអប់រំ (VAPE) និងស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២នេះ បានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាចំនួន ១០០ នាក់នៅវៀតណាម ដែលមានតម្លៃស្មើនឹង ៣ លានដុង។
សកម្មភាពនេះ ក៏ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម – កម្ពុជា។ ដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃការអប់រំចំពោះអនាគតរបស់ប្រទេសនីមួយៗ វៀតណាមបានសម្តែងក្តីសង្ឃឹមថា និស្សិតកម្ពុជានៅវៀតណាម និងនិស្សិតវៀតណាមនឹងធ្វើការរួមគ្នាដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសរបស់ពួកគេ និងដើរតួជាស្ពានសម្រាប់ទំនាក់ទំនងវៀតណាម និងកម្ពុជាឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ សមាគមនឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូវៀតណាម-កម្ពុជាក្នុងការអប់រំ-បណ្តុះបណ្តាល និងការលើកកម្ពស់ការអប់រំរវាងប្រទេសទាំងពីរ។
ដោយឡែកលោក ឆាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានថ្លែងអំណរគុណដល់ VAPE ដែលបានជួយដល់និស្សិតកម្ពុជានៅប្រទេសវៀតណាម។ លោកក៏បានក្រើនរំលឹកដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រឱ្យកាន់តែខ្ពស់ និងបន្តរក្សាសាមគ្គីភាពរវាងគ្នានឹងគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា ទើបបានសម្រេចបើកបង្រៀនភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធបានស្រាយបំភ្លឺថា នេះជាការជួយសម្រួលដល់និស្សិតកម្ពុជាដែលទៅបន្តការសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ចជាមួយគ្នា ក៏ដូចជាការបំពេញកិច្ចការផ្សេងៗកាន់តែងាយស្រួល៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister, VNA