កម្ពុជា-វៀតណាម កំពុងពិចារណាលើមធ្យោបាយតភ្ជាប់កំពង់ផែទេសចរណ៍កំពត ទៅនឹងកោះភូកុកអតីតកោះត្រល់កម្ពុជា


កាលពីពេលកន្លងទៅ ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ ដោយបង្ហាញក្តីសង្ឃឹមថាភាគីកម្ពុជានឹងគាំទ្រ​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយដៃគូនានាក្នុងប្រទេសនាពេលខាងមុខ ក្នុងគោលដៅស្ដារ និងអភិវឌ្ឍវិស័យនេះឱ្យមានសម្ទុះឡើងវិញ ក្រោយវិបត្តិនៃជំងឺឆ្លង។

យ៉ាងណាមិញ វិស័យទេសចរណ៍នៃប្រទេសកម្ពុជា មានការអភិវឌ្ឍប្រកបដោយផ្លែផ្កា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យនេះ និងលើគ្រប់វិស័យក្នុងប៉ុន្មានឆ្នាំថ្មីៗ ដោយការកត់សម្គាល់ថា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ជាប្រចាំទាក់ទងនឹងចំនួនភ្ញៀវទេសចរមកកាន់កម្ពុជាជារៀងរាល់ឆ្នាំ។

យោងតាម ឯកឧត្តមបណ្ឌិត ថោ សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការរីករាយនៅពេលដែលវិស័យទេសចរណ៍របស់ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាឡើងវិញ។ លោកបាន បានកត់សម្គាល់ថា អត្រាប្រជាជនកម្ពុជាជ្រើសរើសប្រទេសវៀតណាមជាគោលដៅទេសចរណ៍វេជ្ជសាស្រ្តនៅតែមានកម្រិតខ្ពស់។ មន្ត្រីរូបនេះបានស្នើឱ្យមានការសម្របសម្រួលកិច្ចសហការរវាងកម្ពុជា និងវៀតណាមបន្តទៀត ដើម្បីរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ ដូច្នេះជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជាជាមួយ និងវៀតណាមនៅពេលអនាគត

ជាមួយគ្នានេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនវៀតណាម លោក Duong Tan Hien បានលើកឡើងថា ភ្ញៀវទេសចរវៀតណាមជាច្រើន​ បានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដែលគោលដៅសំខាន់ៗរួមមានតំបន់ទេសចរណ៍ ដូចជាព្រះបរមរាជវាំង និងប្រាសាទអង្គរវត្ត និងកន្លែងកម្សាន្តនានាជាច្រើន។ លោក Hien បានបន្ថែមថា វិស័យទេសចរណ៍នៃកម្ពុជា-វៀតណាម កំពុងពិចារណាលើមធ្យោបាយតភ្ជាប់កំពង់ផែទេសចរណ៍កំពតនៅកម្ពុជាជាមួយ កោះPhu Quoc នៃខេត្ត Kien Giang ដែលជាអតីតកោះត្រល់របស់កម្ពុជា និងតំបន់ផ្សេងទៀតរបស់វៀតណាម ដើម្បីបង្កើតផ្លូវទេសចរណ៍ និងបង្កើតបានជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលមកពីប្រទេសនានាមកទស្សនាកម្សាន្តកាន់តែច្រើននាពេលខាងមុខ

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ VietnamPlus, ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
រូបភាព៖ Cambonomist