រដ្ឋបាលខាតបង់ជាង១០០លានដុល្លារ អំឡុងពេលជួបវិបត្តិថាមពល


ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ថាមពលពិភពលោកដ៏សំខាន់មួយ ដោយសារសង្គ្រាមដែលកំពុងបន្តលើប្រទេសអ៊ុយក្រែន បានបង្កឱ្យមានការអំពាវនាវឱ្យ សន្សំថាមពល នៅក្នុងប្រទេសកម្ពុជា ដោយជំរុញឲ្យប្រជាពលរដ្ឋជាង ១៧លាននាក់ សន្សំសំចៃថាមពលតាមលទ្ធភាពដែល អាចធ្វើទៅបាន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃពុធបានថ្លែងថា អាជ្ញាធរថាមពលអគ្គិសនីកម្ពុជា (EDC) បានរងឥទ្ធិពល ដោយសង្គ្រាមនៅអ៊ុយក្រែនយ៉ាងខ្លាំងដោយគិតមកដល់ពេលនេះEDC ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋបានខាតបង់ចំនួន១០០លានដុល្លារ។ សម្ដេចនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា បើគ្មានការឧបត្ថម្ភធនពីរដ្ឋាភិបាលទេតម្លៃអគ្គិសនីនៅកម្ពុជានឹងឡើងថ្លៃទ្វេដង។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាចបង្កើតថាមពលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ប៉ុន្តែក្នុងតម្លៃផលិតកម្មខ្ពស់។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន

បច្ចុប្បន្ន រុស្ស៊ីជាប្រទេសដែលមានទណ្ឌកម្មខ្លាំងជាងគេក្នុងពិភពលោក។  ប្រទេសលោកខាងលិចកំពុងពិចារណារារាំងការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនៃតម្លៃថាមពល ដែលជាវិបត្តិសម្រាប់ប្រទេសមួយចំនួនធំ។

យ៉ាងណាមិញ កម្ពុជាជាប្រទេសដែលផលិតអគ្គិសនីផ្ទាល់ខ្លួនភាគច្រើនពីទំនប់វារីអគ្គិសនី និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។ ជាមួយគ្នានេះ កម្ពុជា ក៏នាំចូលអគ្គិសនីពីប្រទេសវៀតណាម ថៃ និងឡាវផងដែរ។

យោងតាមការប៉ាន់ប្រមាណរបស់ ADB ឈើឥន្ធនៈ និងជីវម៉ាស់ផ្សេងទៀតមានចំនួនប្រមាណ ៤៤.៤% នៃការប្រើប្រាស់ថាមពលសរុបនៅក្នុងប្រទេសនេះ ខណៈដែលប្រេង និងផលិតផលប្រេងមាន ៣៨.៥% ធ្យូងថ្ម ១០.៧% វារីអគ្គិសនី ៣.៦% និងការនាំចូលអគ្គិសនី ២.៨% ។ សម្រាប់ការចម្អិនអាហារ គ្រួសារប្រហែល ៦២% ប្រើអុស ៥% ប្រើធ្យូង ៣១% ប្រើឧស្ម័នរាវ និង ២% ប្រើអគ្គិសនី។ ដោយឡែក​ នៅក្នុងរាជធានីភ្នំពេញមានការប្រើប្រាស់អគ្គិសនីចំនួន៩០%នៃប្រជាជន ប៉ុន្តែរដ្ឋាភិបាលបានឱ្យដឹងថា នៅតាមភូមិនានាមានចំនួន៩៨% ដែលមានអគ្គិសនីប្រើប្រាស់រួចទៅហើយ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Anadolu Agency