សម្ដេច ហ៊ុន សែន «ចាប់ពីថ្ងៃស្អែកទៅ រថយន្តដែលនាំចូលមកថ្មីជាចង្កូតស្ដាំ មិនអនុញ្ញាតឱ្យបង់ពន្ធ ហើយក៏មិនអនុញ្ញាតឱ្យដូរចង្កូត គឺចាប់យកតែម្ដង»
កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្ដល់ដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងការចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី លើកឡើងពីបញ្ហារបស់ពលរដ្ឋ ដែលប្រើប្រាស់រថយន្តចង្កូតស្ដាំទាំងអស់។ សម្ដេច បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។
ត្រង់ចំនុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតដាច់ខាតនូវ ការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ។
ដោយឡែក ក្នុងករណីមានការនាំចូលថ្មី សម្ដេចបានបញ្ជាក់បន្ថែមទៅកាន់ផ្នែកគយ នគរបាលយុត្តិធម៌ ព្រមទាំងនគរបាលអាវុធហត្ថគ្រប់ផ្នែកទាំងអស់ ឱ្យបានដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ គឺ «ចាប់ពីថ្ងៃស្អែកទៅ រថយន្តដែលនាំចូលមកថ្មីជាចង្កូតស្ដាំ មិនអនុញ្ញាតឱ្យបង់ពន្ធ ហើយក៏មិនអនុញ្ញាតឱ្យដូរចង្កូត គឺចាប់យកតែម្ដង»៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Samdech Hun Sen, Cambodia Prime Minister