|

ឯកឧត្តម ហ៊ុន ម៉ានី«អ្វីដែលយើងត្រូវបន្តខិតខំប្រឹងប្រែងថែរក្សា និងពង្រឹងបន្ថែម គឺការឯកភាពទស្សនជាតិ»


ក្នុងជំនួបជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ និងចែករំលែកពីគោលគំនិតទាក់ទងនឹងស្ថានភាព និងសារៈសំខាន់នៃវិស័យអប់រំក្នុងក្របខណ្ឌកម្ពុជា និងសកលលោក និងព្រមទាំងបានគូសបញ្ជាក់ពីគុណតម្លៃនៃអាជីពគ្រូបង្រៀនដែលមានការលះបង់ធំធេងនូវប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍សង្គម។

ឯកឧត្តម បានរំលឹកឡើងថា«ផ្តើមចេញពីថ្ងៃដែលយើងទទួលបានឯករាជ្យជាតិ ថ្ងៃរំដោះប្រទេសចេញពីរបបខ្មែរក្រហម និងថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា យើងបានរួបរួមគ្នាដោយការស្មារតីនៃឯកភាពក្នុងនាមជាខ្មែរតែមួយ ដោយអង្គការចាត់តាំងតែមួយ រាជរដ្ឋាភិបាលតែមួយ ហើយរស់នៅរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រតែមួយ។ ដូច្នេះ អ្វីដែលយើងត្រូវបន្តខិតខំប្រឹងប្រែងថែរក្សា និង ពង្រឹងបន្ថែមគឺការឯកភាពទស្សនជាតិ។

ពាក្យថាទស្សនជាតិនេះ គឺសំដៅលើថា តើខ្មែរមានអ្វីជាការប្រទាក់ក្រឡានូវគោលគំនិតក្នុងនាមជាខ្មែរតែមួយ ហើយតើអ្វីជាផ្នត់គំនិតដែលសង្គមខ្មែរចង់បាន ក្នុងស្មារតីនៃជោគវាសនារួម និងបំណងប្រាថ្នារួមសម្រាប់ដំណើរឆ្ពោះទៅថ្ងៃអនាគត»។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រធានគណៈកម្មការ បានយកឱកាសនៃជំនួបនេះ ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានព្យាយាមប្រើគ្រប់មធ្យោបាយ បត់បែន ផ្លាស់ប្តូរទម្លាប់ដើម្បីធានាប្រសិទ្ធភាពការបង្រៀន និងការខិតខំអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យា ដើម្បីអាចបង្រៀនសិស្សានុសិស្ស តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងបរិបទនៃការរីករាលនៃជំងឺ កូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ តាមរយៈគោលនយោបាយជាតិនានាជាបន្តបន្ទាប់ ។

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការផ្តោះផ្តងនូវមតិ យោបល់ ក្នុងវេទិកាសំណួរនឹងចម្លើយរវាងឯកឧត្តមប្រធានគណៈកម្មការ និង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត។ វេទិការនេះ បានអនុញ្ញាតឱ្យគណៈកម្មការទី៧ ស្វែងយល់ និងក្តាប់បានកាន់តែច្បាស់ពីឱកាស និងបញ្ហាមួយចំនួនដែលជាក្តីកង្វល់ក្នុងវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់គរុនិស្សិត ឱ្យបន្តរក្សាស្មារតីលះបង់ដ៏ឧត្តមរបស់ លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ តាមរយៈការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការ ដោយយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ទោះបរិបទណា ឬនៅទីជិតឆ្ងាយ ឬនៅជនបទដាច់ស្រយាលក៏ដោយ ដើម្បីអនាគតសិស្សានុសិស្សគ្រប់រូប សហគមន៍ និងសង្គមជាតិកម្ពុជា៕

ដោយ៖ BRANDMEDIA

ប្រភព៖ ក្រុមការងារផ្សព្វផ្សាយឯកឧត្តម​ ហ៊ុន ម៉ានី