សៀមរាប នឹងច្នៃកាកសំណល់ចេញពីលូទឹកស្អុយ បង្កើតជាខ្សែសង្វាក់ផលិតកម្មដើម្បីផ្គត់ផ្គង់វិស័យកសិកម្ម


សៀមរាប ជាខេត្តដ៏មានសក្ដានុពលមួយលើវិស័យទេសចរណ៍។ ក្រោយពេលរលកឆ្លងនៃកូវីដ-១៩ បានស្ងប់ស្ងាត់ សៀមរាបបាននឹងកំពុងខិតខំពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ ដោយការអនុវត្តនូវគោលការណ៍ក្នុងការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងអភិវឌ្ឍតំបន់ទេសចរណ៍នានា ក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ក្នុងគោលដៅបម្រើប្រយោជន៍ជាតិ។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ  លោក  ប្រាក់  សោភ័ណ  អភិបាលរងខេត្ត  តំណាងឯកឧត្តម  ទៀ  សីហា  អភិបាល  នៃគណៈអភិបាលខេត្តសៀមរាប  បានជួបសម្តែងការគួរសមជាមួយលោកស្រី  Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) និងក្រុម ចូលរួមពិធីសម្ពោធការដ្ឋានសាងសង់អគារផលិតជីសរីរាង្គ  ស្ថិតនៅភូមិកន្រ្តក  សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប  ខេត្តសៀមរាប។

ដោយយោងទៅតាម​​រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោក  ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោកឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។  ជាមួយគ្នានេះ  គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស  ហៅកាត់ថា  SIAAP  ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា  ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡើង  ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន  ១,៧០០,០០០អឺរ៉ូ  ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។  ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន 45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោកតាមការប៉ាន់ប្រមាណបាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។

ក្នុងឱកាសនោះផងដែរ  លោក អភិបាលរងខេត្ត  បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកបានបន្តថា ជីមមោកនេះ  មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់។ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល៕

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប