«ចូលឆ្នាំខ្មែរ៣ថ្ងៃ អាចបង្កើតចំណូលចូលចរន្តសេដ្ឋកិច្ចជាតិប្រមាណ ៥៥០លានដុល្លារ»
ជាឆ្នាំដំបូង ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការជួបជុំសារជាថ្មី ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រោយអាក់ខានអស់រយៈពេល២ឆ្នាំដោយសាររលកនៃជំងឺឆ្លងកូវីដ-១៩។ ប្រជាពលរដ្ឋទូទាំងខេត្តក្រុង បានសម្ដែងក្ដីរីករាយក្នុងដំណើរវិលត្រឡប់មករកប្រក្រតីភាពឡើងវិញនេះ ដែលអាចឱ្យបងប្អូនខ្មែរយើង បានជួបជុំសប្បាយជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មីនេះ។ ទន្ទឹមនឹងនេះ នៅតាមបណ្ដាខេត្ត-ក្រុងនានា មានការរៀបចំធ្វើសង្ក្រាន្ត លេងល្បែងប្រជាប្រិយ ព្រមទាំងទាក់ទាញបាននូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង និងរាំកម្សាន្តយ៉ាងគគ្រឹកគគ្រេង។
នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២នេះផងដែរ យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា «នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥,៣៦៧,១១៥ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ) ក្នុងនោះសង្កេតឃើញថា៖
ទេសចរបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស គឺមានទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ស្មើនឹង ៤០% (ក្នុងនោះធ្វើដំណើរលក្ខណៈគ្រួសារ ២៨%, ជាក្រុម ៥% និងបុគ្គល ៦%) និងទេសចរកម្សាន្តវិលល្ងាច (Same-day visitors) ស្មើនឹង ៦០%។
ទេសចរស្នាក់នៅចាប់ពី ១យប់ (Overnight visitors) ចំណាយសរុបប្រមាណ ១៨៦លានដុល្លារ រដែលធ្វើដំណើរជាគ្រួសារចំណាយជាមធ្យមប្រមាណ ១៦១ដុល្លារ/ថ្ងៃ ស្មើនឹង ៤០២ដុល្លារ/trip, ទេសចរជាក្រុមចំណាយជាមធ្យមប្រមាណ ២៩៤ដុល្លារ/ថ្ងៃ ស្មើនឹង ៧៣៥ដុល្លារ/trip, ទេសចរបុគ្គលចំណាយជាមធ្យមប្រមាណ ៤៥ដុល្លារ/ថ្ងៃ ស្មើនឹង ១០៨ដុល្លារ/trip) រីឯទេសចរកម្សាន្តវិលល្ងាច (Same-day Visitors) ចំណាយសរុបប្រមាណ ៧៨លានដុល្លារ (ចំណាយម្នាក់ជាមធ្យមប្រមាណ ២៤ដុល្លារ/ថ្ងៃ)។
ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ខេត្តដែលមានទេសចរចំណាយច្រើនជាងគេ គឺខេត្តកំពង់ចាម (៥៤លានដុល្លារ), ខេត្តព្រះសីហនុ (៤៨លានដុល្លារ), ខេត្តបាត់ដំបង (៣១លានដុល្លារ), ខេត្តសៀមរាប (៣០លានដុល្លារ)។ ប៉ុន្តែបើគិតពីមេគុណសេដ្ឋកិច្ច ការចំណាយរបស់ទេសចរផ្ទៃក្នុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះអាចបង្កើតនូវចំណូលហូរចូលចរន្តសេដ្ឋកិច្ចជាតិ ប្រមាណ ៥៥០លានដុល្លារ (ជាមួយមេគុណប្រសិទ្ធភាព២)»។
គួរបញ្ជាក់ផងដែរថា គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃ ១៤ ១៥ និង១៦ ក្នុងនោះខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺចំនួន ៥៦៥,៦១៨នាក់។ ដោយឡែក គោលដៅសំខាន់ៗផ្សេងទៀត ដែលមានភ្ញៀវទៅទស្សនាកម្សាន្តច្រើនរួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាដើម៕
ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia