|

​​មកដឹងពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីប្រឡងចូលវិទ្យាស្ថានជាតិអប់រំ(NIE)


វិទ្យាស្ថានជាតិអប់រំ (National Institute Of Education) ឬហៅកាត់ថា NIE គឺជាគោលដៅដ៏ចម្បងមួយសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពិសេសគឺសម្រាប់អ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀន។ បំណងប្រាថ្នាក្លាយជាគ្រូបង្រៀនកម្រិតឧត្តមនេះ អាចសម្រេចទៅបានគឺទាមទារឱ្យនិស្សិតគ្រប់រូប មានសមត្ថភាពចំណេះជំនាញ​ និងមានវិធីសាស្ត្រត្រឹមត្រូវដើម្បីអនុវត្តក្នុងការត្រៀមខ្លួនជាមុនផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសម្រាប់ត្រៀមខ្លួនមុនការប្រលងNIEមកដល់៖

លោក ហង់ សីហា បច្ចុប្បន្នជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេសផែនដីវិទ្យា នៅខេត្តកោះកុង បានចែករំលែកនូវបទពិសោធក្នុងការត្រៀមខ្លួនប្រលងNIEថា៖« នៅពេលប្រលងបញ្ចប់ថ្នាក់បរិញ្ញាបត្រភ្លាម ដំណាក់កាលដំបូងត្រូវចេះប្រមូលព័ត៌មានពីសិស្សច្បង ក្លាហានសួរអ្នកមានបទពិសោធប្រលងមុនខ្លួនអំពីទិចនិកនៃការសរសេរចម្លើយលើសន្លឹកកិច្ចការ  រួចធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ថាតើវិធីសាស្ត្ររបស់ពួកគាត់មួយណាដែលអ្នកអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ ជំហានបន្ទាប់ គឺរកឯកសារដែលពាក់ព័ន្ធឱ្យបានច្រើនដូចជាវិញ្ញាសារឆ្នាំចាស់ៗទាំងឯកទេស និងវប្បធម៌ទូទៅ ដែលសុទ្ធតែអាចរកទិញបាននៅតាមបណ្ណាគារផ្សេងៗ។ ពិសេសទៅទៀតនោះសម្រាប់រយៈពេលប្រលងមុន១ខែ ត្រូវរំលឹកមេរៀនដែលបានអាននោះឡើងវិញ​ និងចេះស្វែងរកដៃគូដើម្បីសួរឆ្លើយទៅវិញទៅមក»។ លោកបានបញ្ជាក់ថា​ «ការជ្រើសរើសប៉ុសិ៍្តក៏ជារឿងសំខាន់ ហើយគប្បីឆ្លាតវៃក្នុងការស៊ើបដំណឹងថាប៉ុសិ៍្តដែលខ្លួនបានដាក់នោះមានបេក្ខជនប៉ុន្មាននាក់ ដើម្បីងាយស្រួលក្នុងការត្រៀម លក្ខណៈបន្ថែមដែលអាចធ្វើឱ្យដំណើរការនៃការប្រលងប្រជែងកាន់តែមានទំនុកចិត្តខ្ពស់»។

លោក ហង់ សីហា

កញ្ញា អ៊ុន ចិត្រា សព្វថ្ងៃជាគរុនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិអប់រំ ឯកទេសផែនដីវិទ្យា បានរៀបរាប់អំពីបទពិសោធកញ្ញាថា៖« ប្រសិនបើដឹងថាខ្លួនឯងចង់ក្លាយជាគ្រូបង្រៀនកម្រិតឧត្តមហើយ ដំបូងនៅពេលចូលរៀននៅសាកលវិទ្យាល័យត្រូវចេះចាប់ជំនាញសិក្សាឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលត្រៀមប្រលងចូលNIE ។ មុនពេលការប្រលងមកដល់រយៈពេល៣ឬ៤ខែ ត្រូវមើលមេរៀនដែលទាក់ទងនឹងជំនាញដែលដាក់ ប្រមូលសៀវភៅពុម្ពក្រសួងអប់រំដែលត្រូវនឹងមុខវិជ្ជាប្រលង តាំងពីថ្នាក់ទី៧ ដល់ទី១២ ព្រមទាំងចេះស្រាវជ្រាវឯកសារដែលធ្លាប់ចេញប្រលងនៅឆ្នាំមុនៗមកអានបន្ថែម។ មួយវិញទៀតត្រូវចេះតាមដានសេចក្ដីណែនាំរបស់ក្រសួងអប់រំ និងត្រូវចេះត្រៀមឯកសារឱ្យបានស្រេចបាច់ គឹមានសញ្ញាបត្របរិញ្ញាបត្រ សញ្ញាបត្រទី១២»។ កញ្ញាបន្តថា​ «រឿងដែលសំខាន់មួយទៀតគឺ​ មុនប្រលងមួយអាទិត្យគឺត្រូវគេងឱ្យបានគ្រប់គ្រាន់ និងមើលថែសុខភាពខ្លួនឯងឱ្យបានល្អ ដើម្បីចៀសវាងការមានបញ្ហាសុខភាពនៅកំឡុងថ្ងៃប្រលង»។

កញ្ញា អ៊ុន ចិត្រា

រាល់ការប្រឡងប្រជែង សម្រេចជោគជ័យទៅបានអាស្រ័យដោយបេក្ខជននីមួយៗមានសមត្ថភាព និងគន្លឹះពិសេសៗផ្ទាល់ខ្លួនក្នុងការឈានទៅរកគោលដៅដែលខ្លួនចង់បាន។ ទាំងនេះគឺជាវិធីសាស្ត្រដែលរៀមច្បងមុនៗបានអនុវត្តសម្រាប់ត្រៀមខ្លួនក្នុងការប្រលងចូលNIE ហើយពួកគាត់ក៏ទទួលបានជោគជ័យផងដែរ។ ដូចនេះ សិស្ស-និស្សិតដែលមានបំណងចង់ប្រឡងប្រជែង គប្បីចេះរៀបចំខ្លួន ពង្រឹងសមត្ថភាពខ្លួនឯងនិងចេះស្រង់យកគន្លឹះល្អៗយកទៅអនុវត្តបន្ថែមលើពុទ្ធិដែលមាន៕

ដោយ៖ ផេង ផល្លា

កែសម្រួលដោយ៖​ BRANDMEDIA