|

រដ្ឋសភាកម្ពុជាសហការជាមួយសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) រៀបចំសិក្ខាសាលាស្តីពីការអន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម» ក្នុងឱកាសអបអរទិវាជំងឺទឹកនោមផ្អែមពិភពលោក ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងរដ្ឋសភាកម្ពុជា ជាមួយសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹង និងជំរុញការចាត់វិធានការបង្ការ ស្វែងរកជំងឺឱ្យបានឆាប់ និងផ្តល់ការព្យាបាលទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ សង្កាត់ យុវជន តំណាងសាសនានានា និងដៃគូអភិវឌ្ឍន៍ ព្រមទាំងព្រះវត្តមានរបស់សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍សំខាន់ៗចំនួន៥ រួមមាន៖ ១-ជំរុញលទ្ធភាពទទួលបានការពិនិត្យ និងរកឃើញជំងឺឱ្យបានឆាប់សម្រាប់មនុស្សគ្រប់រូប។ ២-ធានាការថែទាំសុខភាពប្រកបដោយគុណភាព ជាប់លាប់ និងមានតម្លៃសមរម្យ។ ៣-ការពារកុមារ និងលើកកម្ពស់បរិយាកាសរស់នៅប្រកបដោយសុខភាពល្អ។ ៤-ពង្រឹងកិច្ចសហការលើយុទ្ធនាការបង្ការជំងឺទូទាំងប្រទេស និង៥-ពង្រឹងហិរញ្ញប្បទាន ការសម្របសម្រួល និងគណនេយ្យភាពរបស់សភា។

គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញការចាត់វិធានការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឱ្យបានទាន់ពេលវេលា ស្វែងយល់ពីកត្តាឫសគល់ដែលបង្កឱ្យមានជំងឺ និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានចំពោះអ្នកជំងឺ ព្រមទាំងធានាឱ្យប្រជាពលរដ្ឋអាចទទួលបានការព្យាបាលប្រកបដោយគុណភាព និងមានតម្លៃសមរម្យ។

ដោយឡែក ក្នុងកម្មវិធីនេះក៏មានការធ្វើបទបង្ហាញស្តីពីអភិបាលកិច្ចសកលក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែម ការបង្ការ និងការថែទាំអ្នកជំងឺ ព្រមទាំងវេទិកាចែករំលែកបទពិសោធន៍ពីអ្នកជំងឺ និងក្រុមគ្រួសារ សម័យសំណួរ-ចម្លើយ ការប្តេជ្ញាចិត្តរបស់តំណាងអ្នកចូលរួម និងការរាយការណ៍លទ្ធផលនៃសិក្ខាសាលាផងដែរ។