ទស្សនរបស់យុវជន ក្នុងការចូលរួម «បេសកកម្ម ស.ស.យ.ក.»


ដោយ៖​ ផេង​ ផល្លា​

បច្ចុប្បន្នក្នុងប្រទេសកម្ពុជា មានការរីកសាយភាយនូវការងារស្ម័គ្រចិត្តជាច្រើន ពីបណ្ដាអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គភាពនានាផ្សេងទៀត ដែលផ្ដល់ឱកាសដល់យុវជនខ្មែរ អាចចូលរួមបញ្ចេញសកម្មភាពជួយដល់សង្គមជាតិ និងជួយឱ្យពួកគេបានហ្វឹកហាត់ចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយផងដែរ។ ក្នុងនោះ ស.ស.យ.ក.  ឬ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់បង្កើតឱ្យមានការងារ ស្ម័គ្រចិត្តក្នុងទិសដៅរួបរួមគ្នាដើម្បីបុព្វេហេតុសង្គម។

ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី  ដែលជាប្រធាន ស.ស.យ.ក.  គឺមានការគាំទ្រនិង ចូលរួមយ៉ាងច្រើនពីសំណាក់យុវជនកម្ពុជាដើម្បីជាសរសៃក្នុងការរួមចំណែកជួយដល់សង្គមជាតិតាមរយ:ការងារស្ម័គ្រចិត្តនេះ។    ដើម្បីជាការបញ្ជាក់បន្ថែមនូវបេសកកម្មដ៏សំខាន់របស់ ស.ស.យ.ក. តាមរយៈហ្វេសបុកផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានលើកជាសំណួរបំផុសគំនិតថា « ហេតុអ្វីបាន ស.ស.យ.ក.? ហេតុអ្វីបានជាយើងត្រូវប្រមូលផ្ដុំ? ហេតុអ្វីបានជាត្រូវស្ម័គ្រចិត្តក្នុងបុព្វហេតុសង្គម?» ។   ឆ្លើយតបចំពោះសំណួរខាងលើ ឯកឧត្តម ហ៊ុន ម៉ានី លោកបានសង្កត់ធ្ងន់ថា « ការងារ តួនាទី និងតម្រូវការជីវភាពផ្សេងៗគ្នារបស់យើង ងាយណាស់នឹងអាចនាំយើងឱ្យដើរផ្លូវផ្សេងគ្នា និងឆ្ងាយពីគ្នា។ ហេតុនេះបានជាយើង ត្រូវរិះរកបុព្វហេតុ ដែលយើងអាចធ្វើរួមគ្នា មានការឯកភាពគ្នា ឆ្ពោះទៅទិសដៅរួមគ្នា។ នោះជា បេសកកម្ម ស.ស.យ.ក. ហើយនោះជា “ក្ដីសង្ឃឹម” ក្នុងនាមខ្ញុំជាខ្មែរផង និងក្នុងនាមជាប្រធានស្ថាប័ននេះផង។  យើងធ្វើជាប្រយោជន៍សង្គម និងដើម្បីជាការដឹងគុណដល់អ្នកទាំងឡាយណា ដែលលះបង់ដើម្បីខ្មែរ»។

ការលើកឡើងបែបនេះទំនងជាមានចេតនាបញ្ជ្រាបគំនិតដល់យុវជន ស.ស.យ.ក. ឱ្យពង្រឹងខ្លួនឱ្យមាន សមត្ថភាពកាន់តែរឹងមាំដើម្បីចូលរួមក្នុងបេសកកម្មដ៏សំខាន់មួយនេះ។ បុព្វហេតុសង្គមសម្រេចបានប្រកបដោយវិបុលភាព​ អាស្រ័យដោយការរួមគ្នានៃធនធានមនុស្សដែលមកពីទីកន្លែងផ្សេងគ្នា តែមានទិសដៅរួមគ្នា គឺដឹកនាំសង្គមជាតិមួយឆ្ពោះទៅរកមាគ៌ា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជុំវិញសារដ៏មានអត្ថន័យនេះ យុវជនយើងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបញ្ចេញយោបល់ផ្ទាល់ខ្លួនថាៈ

កញ្ញា ហ៊ុម ម៉ានិត បច្ចុប្បន្នជានិស្សិតឆ្នាំទី២ និងជាសមាជិក យុវជន ស.ស.យ.ក. ផងដែរនោះ កញ្ញាបានបង្ហាញនូវចំណាប់អារម្មណ៍​ចំពោះសារដ៏មានអត្ថន័យខាងលើថា« ខ្ញុំមានមោទនភាពក្នុងនាមជាសមាជិកយុវជន ស.ស.យ.ក.ម្នាក់  ហើយខ្ញុំនឹងគោរព ធ្វើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធាន ដោយស្ម័គ្រចិត្ត និងចូលរួមគ្រប់សកម្មភាពរបស់ ស.ស.យ.ក.ដែលខ្ញុំអាចធ្វើទៅបាន»។

លោក ស្រេង មីនា ជានិស្សិតឆ្នាំទី១ និងបច្ចុប្បន្នជាសមាជិក​របស់ ស.ស.យ.ក. បានលើកឡើងថា« ក្នុងនាមខ្ញុំជាយុវជន ស.ស.យ.ក. ម្នាក់ ខ្ញុំនឹងបន្តគាំទ្ររាល់សកម្មភាព មនុស្សធម៌ និង​សកម្មភាពសង្គមផ្សេងៗទៀតដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ទៅតាមពេលវេលានិងកម្លាំងកាយចិត្តដែលខ្ញុំមានឱ្យសមជាយុវជន ស.ស.យ.ក. និងក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប»។

លោក ស៊ិប តុលា ជាសិស្សថ្នាក់ទី១២ និងជាយុវជន ស.ស.យ.ក. បានបង្ហាញនូវការយល់ឃើញផ្ទាល់ខ្លួនថា« ការលើកឡើងរបស់ ឯកឧត្តមគឺពិតជាសារដ៏ល្អ ព្រោះបានបណ្ដុះឱ្យយុវជនចេះប្រមូលផ្ដុំ​ រួបរួមសាមគ្គីគ្នាដើម្បីជួយដល់សង្គមជាតិឱ្យកាន់តែរីកចម្រើន និងពោរពេញទៅដោយទំពាំងស្នងឫស្សីផងដែរ»។ លោកបានបន្តទៀតថា ក្នុងនាមលោកជាយុវជន ស.ស.យ.ក. នឹងខិតខំប្រឹងប្រែងបន្តសកម្មភាពឱ្យសមទៅតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម តាមរយៈការខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរ​ និងជាគំរូដល់ប្អូនៗជំនាន់ក្រោយបន្តទៀត។

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ Hun Many