សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជាប្រទេសតូច ប៉ុន្តែមានតួនាទីស្មើមុខស្មើមាត់ជានិច្ចជាមួយប្រទេសដទៃលើឆាកអន្តរជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានមោទនភាពចំពោះជាតិ និងមាតុភូមិ ដោយសារកម្ពុជាជាប្រទេសតូច ប៉ុន្តែមានតួនាទី និងសំឡេងស្មើមុខស្មើមាត់ជាមួយប្រទេសដទៃលើឆាកអន្តរជាតិ ព្រមទាំងមានកិត្តិយសចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនានា ក្នុងនាមជាប្រទេសដែលមានសិទ្ធិស្មើគ្នា។










ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានបន្តថា កម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនានា ដោយនាយករដ្ឋមន្ត្រីកម្ពុជាអាចអង្គុយស្មើគ្នាជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីនៃប្រទេសផ្សេងៗ ដោយបង្ហាញពីសមភាព និងកិត្តិយសរបស់កម្ពុជាក្នុងទំនាក់ទំនងអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកឡើងពីកិត្តិយសរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលមានប្រទេសចំនួន៧០បានចុះឈ្មោះចូលរួម និងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេស អញ្ជើញចូលរួម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា។
ផ្អែកលើស្មារតីនេះ សម្តេចធិបតីបានអំពាវនាវឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានមោទនភាពចំពោះប្រទេសជាតិ ដែលបានបន្តពង្រឹងតួនាទី និងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។

















