អភិបាលខេត្តក្រចេះ៖ ការបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាតួនាទីនោះទេ ប៉ុន្តែជាគំរូដ៏ល្អក្នុងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ


នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន ៨០នាក់ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា និងទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព សម្រាប់វគ្គទី១ នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះស្មារតីស្ម័គ្រចិត្ត និងការសម្រេចចិត្តរបស់យុវជនទាំង ៨០រូប ដែលមានឆន្ទៈចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិ និងប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ការស្ម័គ្រចិត្តរបស់យុវជននៅពេលនេះ គឺជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងការចូលរួមចំណែកក្នុងកិច្ចការសង្គម។

ឯកឧត្តមបានបន្តថា ការសម្រេចចិត្តចូលបំពេញកាតព្វកិច្ចយោធា គឺជាការបង្ហាញពីឆន្ទៈ និងមនសិការស្នេហាជាតិរបស់យុវជនកម្ពុជា ក្នុងការចូលរួមថែរក្សា និងការពារមាតុភូមិ។ ការបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការបំពេញតួនាទីតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានវិន័យ សមត្ថភាព ភាពអត់ធ្មត់ និងស្មារតីទទួលខុសត្រូវចំពោះជាតិ និងប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់យុវជនស្ម័គ្រចិត្តទាំង ៨០រូប ឱ្យខិតខំបំពេញកាតព្វកិច្ចយោធាឱ្យបានជោគជ័យ តាមរយៈការសិក្សា និងគោរពច្បាប់ជាធរមាន ប្រកាន់ខ្ជាប់វិន័យ និងបទបញ្ជាកងទ័ព គោរពការណែនាំរបស់មេបញ្ជាការ និងគ្រូបង្ហាត់ ព្រមទាំងមានភាពម៉ឺងម៉ាត់ គោរពពេលវេលា និងអនុវត្តតាមបទបញ្ជាឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យយុវជនមានភាពស្មោះត្រង់ និងមនសិការបម្រើជាតិ គោរពរដ្ឋធម្មនុញ្ញ និងប្រកាន់ខ្ជាប់នូវគោលការណ៍ «ជាតិ សាសនា ព្រះមហាក្សត្រ» ខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ព្រមទាំងថែរក្សាសុខភាព កាយសម្បទា និងអនាម័យផ្ទាល់ខ្លួន។ ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងអាកប្បកិរិយាផ្សេងៗដែលអាចប៉ះពាល់ដល់សាមគ្គីភាព កិត្តិយស និងកិត្យានុភាពរបស់កងទ័ព។

ដោយឡែក ឯកឧត្តម វ៉ា ថន បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ឱ្យមានមោទនភាព និងជឿជាក់ចំពោះកូនៗ ចៅៗ ដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ព្រមទាំងបន្តផ្តល់ការលើកទឹកចិត្ត ការគាំទ្រផ្លូវចិត្ត និងការសួរសុខទុក្ខជាប្រចាំ ដើម្បីជួយឱ្យយុវជនមានកម្លាំងចិត្តក្នុងការសិក្សា និងហ្វឹកហ្វឺន សម្រេចបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ