នាយករដ្ឋមន្ត្រីថៃលោក អនុទីន មិនទទួលស្គាល់ថាសេដ្ឋកិច្ចប្រទេសខ្លួនកើនត្រឹម ២,១% និងបញ្ជាឱ្យពិនិត្យ GDP ឡើងវិញ!
បាងកក៖ លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ បានចោទជាសំណួរចំពោះការព្យាករថា «ហេតុអ្វីសេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែ ២,១% ក្នុងឆ្នាំនេះ»? ដោយលើកឡើងថា តួលេខនេះអាចមិនទាន់ឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនោះទេ។ ជាមួយគ្នានោះ លោកបានបញ្ជាឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) ពិនិត្យឡើងវិញនូវផលិតផលក្នុងស្រុកសរុប (GDP)។

លោក អនុទីន បានលើកឡើងពីសូចនាករសេដ្ឋកិច្ចក្នុងឆមាសទី១នៃឆ្នាំនេះ រួមមាន ការកើនឡើង ៣០% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) បើធៀបនឹងឆ្នាំមុន កំណើននៃការនាំចេញជាង ២០% ព្រមទាំងការកើនឡើងនៃការងារ ចំណូលពន្ធ និងចរាចរណ៍សាច់ប្រាក់ក្នុងសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «កំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំនេះ ពិតជាមិនអាចមានត្រឹម ២,១% នោះទេ»។ លោកបន្ថែមថា លោកបានអញ្ជើញអគ្គលេខាធិការ NESDC មកពិភាក្សា និងណែនាំឱ្យស្ថាប័ននេះពិនិត្យឡើងវិញនូវការគណនា ដោយប្រើប្រាស់ទិន្នន័យសេដ្ឋកិច្ចបច្ចុប្បន្ន។
តាមរបាយការណ៍បឋម NESDC បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយកំពុងបន្តរៀបចំតួលេខដែលបានកែសម្រួលឱ្យបានច្បាស់លាស់ មុនពេលប្រកាសរួមជាមួយសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្ហាញតួលេខ GDP ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង មានសារៈសំខាន់ក្នុងការទាក់ទាញរលកវិនិយោគថ្មី បង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស និងអាចជួយកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មនៅក្នុងប្រទេសថៃផងដែរ។
ប្រភព៖ Khaosod















