សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺត្រូវមានមូលដ្ឋានច្បាប់ ឯកសារ និងបច្ចេកទេសច្បាស់លាស់ មិនចេះតែយកពីប្រភពតាមលឺគេថា ឬតាមញ្ញាណពិសេសនោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវដ៏ធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងការបំពេញការងារដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។


តាមរយៈសារបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចផ្ទាល់នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចបានសង្កត់ធ្ងន់ថា កិច្ចការចរចាព្រំដែនមិនអាចធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់នោះទេ ហើយក៏មិនអាចប្រើប្រាស់ឯកសារដែលមិនអាចយកជាការបាន ដូចជាព័ត៌មានតាមទូរទស្សន៍ បណ្ដាញសង្គម តាមលឺគេថា ឬតាមញាណពិសេសនោះឡើយ។
ពាក់ព័ន្ធនឹងការជ្រើសរើសវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែន សម្ដេចធិបតីបានបញ្ជាក់ថា ត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS) នោះទេ។
ជាមួយគ្នានេះ សម្ដេចធិបតីបានផ្ដល់អនុសាសន៍ជូនពរដល់គណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦។
ប្រភព៖ សម្ដេចធិបតី
















