តុលាការថៃកាត់ទោសអតីតព្រះចៅអធិការវត្ត និងអ្នកឃុបឃិត ឱ្យជាប់ពន្ធធនាគារ ៥០ឆ្នាំ ក្រោយករណីកិបកេងប្រាក់បរិច្ចាកជួយអ្នកជំងឺអេដស៍
បាងកក៖ អតីតព្រះសង្ឃពុទ្ធសាសនាមួយអង្គនៅប្រទេសថៃ ដែលជាអ្នកបង្កើតមណ្ឌលថែទាំអ្នកជំងឺអេដស៍ដ៏ល្បីល្បាញមួយ ត្រូវបានតុលាការកាត់ទោសនៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ពីបទកិបកេងប្រាក់បរិច្ចាគ និងត្រូវទទួលទោសអតិបរមាតាមច្បាប់ចំនួន ៥០ឆ្នាំក្នុងពន្ធនាគារ។



សូមបញ្ជាក់ថា លោក Alongkot Poonmook ដែលពីមុនត្រូវបានគេស្គាល់ថា ព្រះរាជវិសុទ្ធិប្រជាណាត (Phra Ratcha Wisutthiprachanat) ត្រូវបានលាចាកសិក្ខាបទ បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន រួមជាមួយលោក Seksan Sapsubbsakul ដែលធ្លាប់ជាអ្នករៃអង្គាសថវិកាសម្រាប់គម្រោងនេះ។
តុលាការព្រហ្មទណ្ឌកណ្តាលទទួលបន្ទុកសំណុំរឿងពុករលួយ បានរកឃើញថា អ្នកទាំងពីរមានទោសលើបទចោទជាច្រើនពាក់ព័ន្ធនឹង ការកិបកេងថវិកាជំនួយ និងការលាងលុយកខ្វក់។ ជាមួយគ្នានេះ តុលាការបានកាត់ទោសលោក Alongkot សរុបរហូតដល់ ៧៤២ឆ្នាំ ខណៈលោក Seksan ត្រូវបានកាត់ទោសសរុបជាង ៣៨៦ឆ្នាំ។ ទោះជាយ៉ាងណា តាមច្បាប់ ទោសទាំងនេះត្រូវបានកាត់បន្ថយមកនៅត្រឹម អតិបរមា ៥០ឆ្នាំ សម្រាប់ម្នាក់ៗ។
ក្រៅពីទោសពន្ធនាគារ អ្នកទាំងពីរត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៣០០លានបាត ឬប្រមាណ ៩លានដុល្លារអាម៉េរិក ទៅឱ្យមណ្ឌលថែទាំអ្នកជំងឺនៅវត្ត Wat Phra Bat Namphu ក្នុងខេត្ត Lopburi ភាគកណ្តាលប្រទេសថៃ ដែលជាទីកន្លែងលោក Alongkot ធ្លាប់កាន់តំណែងជាព្រះចៅអធិការ។
ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។ តាមដឹងមណ្ឌលថែទាំដែលលោក Alongkot បានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ធ្លាប់ត្រូវបានចាត់ទុកថាជាគម្រោងមនុស្សធម៌ដ៏សំខាន់មួយ ដែលផ្តល់ការថែទាំដល់អ្នកមានមេរោគអេដស៍ និងជំងឺអេដស៍។ ប៉ុន្តែតួនាទីរបស់មណ្ឌលនេះ បានថយចុះ បន្ទាប់ពីមានការចែកចាយថ្នាំប្រឆាំងមេរោគអេដស៍។
ក្រោយមក លោក Alongkot បានពង្រីកសកម្មភាពមណ្ឌលនេះ ដើម្បីផ្តល់ការព្យាបាល និងការថែទាំដល់អ្នកដែលមានជំងឺធ្ងន់ធ្ងរផ្សេងទៀត។ តាមវត្តមួយចំនួនក៏បានចូលរួមដំណើរការសកម្មភាពសប្បុរសធម៌ជាច្រើន រួមទាំងការផ្តល់ជំនួយដល់ការអប់រំកុមារមកពីគ្រួសារខ្វះខាតផងដែរ។
គួរបញ្ជាក់ថា ប្រទេសថៃមានវត្តអារាមមួយចំនួន ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនដោយសារប្រជាពលរដ្ឋបរិច្ចាគប្រាក់ទាំងនោះ ក្នុងគោលបំណងធ្វើបុណ្យ និងបង្កើនកុសល។ ប៉ុន្តែកន្លងមក ក៏មានករណីព្រះសង្ឃជាន់ខ្ពស់ច្រើនអង្គ ត្រូវបានជាប់ពាក់ព័ន្ធនឹងការលួចកិបកេង ឬបន្លំថវិកាវត្តដោយមិនត្រឹមត្រូវផងដែរ។
ប្រភព៖ AP












