រាជរដ្ឋាភិបាលកម្ពុជា៖ ក្នុងឆ្នាំ២០២៧ កញ្ចប់ថវិកាជាតិក្នុងវិស័យអប់រំកើន ៤,៧% និងវិស័យសុខាភិបាលកើន ១,៥%!
នេះជាប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីប្រគល់ “សញ្ញាបត្រ” ជូននិស្សិតជ័យលាភី ចំនួនជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គូសបញ្ជាក់ទៅកាន់សាធារណៈជនមួយចំនួន ដែលមានការយល់ច្រឡំថា រាជរដ្ឋាភិបាលកម្ពុជាបានកាត់ថវិកាពីវិស័យអប់រំ ដើម្បីបំពេញបន្ថែមក្នុងវិស័យការពារជាតិ។ ការណ៍នេះ សម្ដេចបានសង្កត់ធ្ងន់ថា ថវិកាក្នុងវិស័យអប់រំពុំមានការថមថយទេ ហើយវិស័យការពារជាតិក៏ត្រូវបង្កើនដូចគ្នា ជាពិសេសការអនុវត្តច្បាប់នៅក្នុងប្រទេស ដោយថវិកាយើងមានគ្រប់គ្រាន់សម្រាប់ទប់ទល់ មិនចាំបាច់កាត់ថវិកាពីវិស័យទាំងសងខាងឡើយ។

ជាមួយគ្នានេះ សម្ដេចបានលើកឡើងថា ថវិកាក្នុងវិស័យសុខាភិបាលមានកំណើន ប៉ុន្តែកើនតិចជាងវិស័យអប់រំ គឺកើនបានប្រមាណជាង ៦៨០ លានដុល្លារ ហើយកំណើននេះ មិនទាន់រួមបញ្ចូលនូវយន្តការ និងវិធានអាទិភាពមួយចំនួនទៅលើការពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ កំណត់វិស័យសុខាភិបាលជាអាទិភាពសំខាន់ និងបានបន្ថែមថវិកាជាតិពិសេស ដើម្បីពង្រឹងមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែកស្រុកជាដើម។
បន្ថែមលើនេះ សម្ដេចក៏បានគូសបញ្ជាក់សារជាថ្មី ទៅកាន់សាធារណៈជន រួមទាំងអ្នកសារព័ត៌មានមួយចំនួន ដែលកន្លងទៅមានការយល់ច្រឡំចំពោះតួលេខបឋមក្នុងវិស័យអាទិភាពទាំងពីរថាមានការថយចុះ។ សម្ដេចបានបញ្ជាក់ថា ពុំមានការថមថយទេ ជាក់ស្ដែងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៧នេះ គឺវិស័យអប់រំកញ្ចប់ចំណាយលើវិស័យឡើងដល់ ១១០០លានដុល្លារអាម៉េរិក កើន ៤,៧% និងវិស័យសុខាភិបាលកើន ១,៥% ។ សម្ដេចបន្ថែមថា ដូច្នេះសូមកុំឱ្យមានការព្រួយបារម្ភទៅលើវិស័យទាំងសងខាងនេះ។ យ៉ាងណាមិញ វិស័យសង្គមកិច្ច រាជរដ្ឋាភិបាលក៏គ្រោងបង្កើនថវិកាបន្ថែមទៀតផងដែរ ដើម្បីជួយអន្តរាគមទៅដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងបរិបទដែលប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក។
ទន្ទឹមនឹងនេះ សម្ដេចបានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាល បានចំណាយថវិកាជិត ១ពាន់លានដុល្ការ គាំទ្រគោលនយោបាយអន្តរាគមមួយចំនួន ក្នុងនោះរួមមាន ការឧបត្ថម្ភសម្រួលតម្លៃប្រេងឥន្ធនៈ និងជួយដល់គ្រួសារក្រីក្ររងហានិភ័យជាដើម។ ដោយឡែក សម្ដេចលើកឡើងថា “បើទោះបីជាសេដ្ឋកិច្ចបច្ចុប្បន្នកំពុងជួបប្រទះនូវបញ្ហាប្រឈមនានា ទាំងកត្តាក្នុងតំបន់ និងក្រៅតំបន់ក្ដី ប៉ុន្តែរាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងឱ្យអាទិភាពយ៉ាងសំខាន់ក្នុងវិស័យសង្គមកិច្ចនេះ។















