រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីគាំទ្រការដាក់ភ្លើងអំពូលសូឡាក្នុង ១៣ខេត្ត និងពង្រីកឱ្យបានទូទាំងប្រទេស!
នេះជាប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា ដំណើរការអនុវត្តដាក់អំពូលសូឡាតាមប្រព័ន្ធខ្សែហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដារាជធានី ខេត្តក្នុងចម្ងាយ ១២០០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ សោភ័ណភាពផ្លូវ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍។ ហើយជំហាននេះ សម្ដេចបានស្នើរឱ្យអគ្គិសនីកម្ពុជា បន្តជួយជំរុញជាកិច្ចការងារអាទិភាពបន្តបន្ទាប់ទៀត។






ទន្ទឹមនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជធានី ខេត្តទាំង ១៣ ដែលត្រូវដំឡើងរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ តាកែវ ខេត្តព្រះសីហនុ កោះកុង ខេត្ត កំពត និង ខេត្តកែប។
បន្ថែមលើនេះ សម្ដេចបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការនុវត្តនេះ និងលើកចិត្តឱ្យមានការពង្រីករហូតដល់ ២៥រាជធានីខេត្ត ជាពិសេសនៅផ្លូវធំៗ ផ្លូវជាតិកាន់តែប្រសើរ។ សម្ដេចលើកឡើងថា គំនិតផ្ដួចផ្ដើមធ្វើសេវាសាធារណៈបែបនេះ បានបង្កើននូវសោភ័ណភាព និងសុវត្ថិភាពជាចម្បង។ ជាងនេះទៅទៀត សម្ដេចបានសង្កត់ធ្ងន់ថា “អ្វីក៏ដោយឱ្យដែលធ្វើសម្រាប់ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដែលត្រូវធ្វើ ក្នុងការគិតគូរនវានុវត្តថ្មីនិងស្ដែងឱ្យចេញជាសកម្មភាពពិតជាសំខាន់”។















