ក្រុមហ៊ុន Boeing ឈ្នះកិច្ចសន្យា ២០ពាន់លានដុល្លារ ក្នុងការផលិតយន្តហោះចម្បាំងជំនាន់ថ្មីសម្រាប់កងទ័ពជើងទឹកអាមេរិក


អាមេរិក៖ ក្រុមហ៊ុន Boeing ត្រូវបានមន្ទីរបញ្ចកោណសហរដ្ឋអាមេរិកជ្រើសរើសឱ្យអភិវឌ្ឍ និងផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មីសម្រាប់កងទ័ពជើងទឹកអាមេរិក ដែលជាគម្រោងដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រឹងសមត្ថភាពប្រយុទ្ធតាមអាកាសរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរបញ្ចកោណបានប្រកាសថា Boeing បានយកឈ្នះក្រុមហ៊ុន Northrop Grumman ក្នុងការប្រកួតប្រជែងទទួលកិច្ចសន្យាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ដែលមានតម្លៃប្រមាណ ២០ពាន់លានដុល្លារ សម្រាប់ផលិតយន្តហោះសាកល្បង។ តម្លៃគម្រោងនេះអាចកើនឡើងដល់រាប់រយពាន់លានដុល្លារ ក្នុងរយៈពេលពេញមួយអាយុកាលគម្រោង ប្រសិនបើការផលិតត្រូវបានពង្រីក និងមានការបញ្ជាទិញពីអតិថិជនអន្តរជាតិ។

យន្តហោះនេះ បច្ចុប្បន្នមានកូដ F/A-XX នឹងក្លាយជាផ្នែកស្នូលនៃប្រព័ន្ធ Next Generation Air Dominance (NGAD) របស់កងទ័ពជើងទឹកអាមេរិក និងត្រូវរំពឹងថានឹងចូលជំនួសយន្តហោះចម្បាំង F/A-18E/F Super Hornet ដែលកំពុងប្រើប្រាស់។ យន្តហោះ F/A-XX ជំនាន់ថ្មីត្រូវបានរំពឹងថានឹងមានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ ជួរហោះហើរឆ្ងាយ និងអាចប្រតិបត្តិការបានយូរជាងមុន ព្រមទាំងអាចសហការជាមួយយន្តហោះប្រយុទ្ធគ្មានមនុស្សបើក និងប្រព័ន្ធការពារអាកាសដែលដាក់នៅលើនាវាផ្ទុកយន្តហោះ។

ការឈ្នះកិច្ចសន្យានេះ គឺជាជ័យជម្នះធំទី២ជាប់គ្នារបស់ Boeing ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦សម្រាប់កងទ័ពអាមេរិក។ យ៉ាងណាមិញកាលពីខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន Boeing ក៏ត្រូវបានជ្រើសរើសឱ្យផលិតយន្តហោះចម្បាំងបំបាំងកាយ F-47 សម្រាប់កងទ័ពអាកាសអាមេរិកផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Boeing មានបទពិសោធន៍យូរឆ្នាំក្នុងការផលិតយន្តហោះចម្បាំងសម្រាប់ប្រតិបត្តិការលើនាវាផ្ទុកយន្តហោះ ជាពិសេសយន្តហោះ F/A-18E/F Super Hornet ដែលជាមូលដ្ឋានសំខាន់មួយក្នុងការប្រកួតប្រជែងគម្រោង F/A-XX។

កិច្ចសន្យាថ្មីនេះ ក៏នឹងជួយជំរុញសកម្មភាពផលិតយន្តហោះចម្បាំងរបស់ Boeing នៅទីក្រុង St. Louis រដ្ឋ Missouri ខណៈខ្សែសង្វាក់ផលិតយន្តហោះ F/A-18E/F Super Hornet និង EA-18G Growler កំពុងឈានទៅរកការបញ្ចប់ការផលិត។

គួររំឭកថា គម្រោង F/A-XX បានប្រឈមនឹងការពន្យារពេល និងជម្លោះពាក់ព័ន្ធនឹងថវិកាជាច្រើនឆ្នាំ ដោយមន្ត្រីមួយចំនួនក្នុងមន្ទីរបញ្ចកោណធ្លាប់ស្នើឱ្យពន្យារគម្រោងរហូតដល់ ៣ឆ្នាំ ដោយសារកង្វះសមត្ថភាពផ្នែកវិស្វកម្ម និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ ទោះជាយ៉ាងណា សភាអាមេរិកបានបន្តផ្តល់ថវិកាគាំទ្រដល់គម្រោងនេះ។

ការអភិវឌ្ឍយន្តហោះ F/A-XX កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសមត្ថភាពយន្តហោះប្រយុទ្ធទំនើបរបស់ចិន។ យន្តហោះចម្បាំង F/A-XX ជំនាន់ផលិតដំបូង ត្រូវបានរំពឹងថានឹងចាប់ផ្តើមចូលបម្រើក្នុងទសវត្សរ៍ ២០៣០ និងនឹងប្រតិបត្តិការរួមជាមួយយន្តហោះចម្បាំង F-35C របស់ Lockheed Martin នៅលើកងនាវាផ្ទុកយន្តហោះអាមេរិក។

ទន្ទឹមនេះ កងទ័ពជើងទឹកអាមេរិកនៅតែមានផែនការទិញយន្តហោះ F-35C ច្រើនជាង ២៧០គ្រឿង សម្រាប់កងនាវាផ្ទុកយន្តហោះ ខណៈយន្តហោះ F/A-18E/F Super Hornet ដែលបានចូលបម្រើតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ នឹងត្រូវបន្តប្រើប្រាស់រហូតដល់ទសវត្សរ៍ ២០៤០។

ប្រភព៖ Reuters