សូមប្រុងប្រយ័ត្ន! ថ្ងៃបុណ្យណូអែលមានជើងហោះហើរនៅប្រទេសជាច្រើនត្រូវបានលុបចោលដោយសារការឆ្លងរាលដាលខ្លាំងនៃវីរុសអូមីក្រុង


ដោយ៖ ផាត់ គឹមឆែ

ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក បានលុបចោលជើងហោះហើរយ៉ាងច្រើន កាលពីថ្ងៃសុក្រនៅចុងសប្តាហ៍ចំថ្ងៃបុណ្យណូអែលនេះ ដោយសាររលកនៃការឆ្លងជំងឺ COVID-១៩ កើនឡើង គឺវីរុសអូមីក្រុង បានបង្កើតភាពមិនច្បាស់លាស់ និងទុក្ខព្រួយកាន់តែខ្លាំងសម្រាប់អ្នកធ្វើដំណើរថ្ងៃសម្រាក។ហើយជាធម្មតា ថ្ងៃនេះជាថ្ងៃដ៏មមាញឹកសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នេះបើយោងតាមចំនួនដែលកំពុងដំណើរការនៅលើគេហទំព័រតាមដានការហោះហើរ FlightAware.com ។ ក្នុងនោះ មានជើងហោះហើរចំនួនជិត ១,០០០ ត្រូវបានពន្យារពេល។

គេហទំព័រនេះបានបង្ហាញថាយ៉ាងហោចណាស់មានជើងហោះហើរចំនួន ១,៧៧៩ នៅថ្ងៃបុណ្យណូអែលត្រូវបានលុបចោលនៅទូទាំងពិភពលោក ។ ទិន្នន័យ FlightAware បានបង្ហាញថា ចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាម៉េរិក ចេញនិងចូល ឬក្រៅប្រទេសមានចំនួនច្រើនជាងមួយភាគបួននៃជើងហោះហើរទាំងអស់ ក៏ត្រូវបានលុបចោលនៅចុងសប្តាហ៍។

ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកដំបូងគេ ដែលរាយការណ៍ពីរលកនៃការលុបចោលថ្ងៃឈប់សម្រាកចុងសប្តាហ៍គឺ United Airlines និង Delta Air Lines (DAL.N) បានរំសាយជើងហោះហើរជិត ២៨០ កាលពីថ្ងៃសុក្រ ដោយលើកឡើងពីកង្វះបុគ្គលិកចំពេលមានការកើនឡើងនៃការឆ្លងមេរោគ COVID-១៩។ ចំនួនមធ្យមនៃករណីឆ្លងវីរុសថ្មីរបស់សហរដ្ឋអាម៉េរិកបានកើនឡើង ៤៥% ស្មើនឹង ១៧៩,000 នាក់ក្នុងមួយថ្ងៃក្នុងសប្តាហ៍កន្លងមកនេះ បើយោងតាមការបូកសរុបរបស់ Reuters ។ ញូវយ៉កបានរាយការណ៍ពីការឆ្លងថ្មីជាង ៤៤,០០០ កាលពីថ្ងៃសុក្រតែមួយថ្ងៃ ដោយបំបែកកំណត់ត្រាប្រចាំថ្ងៃរបស់រដ្ឋនោះ។  យ៉ាងហោចណាស់រដ្ឋចំនួន ១០ ផ្សេងទៀតបានបង្កើតកំណត់ត្រាករណីថ្មីរយៈពេលមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ។

ដោយឡែកនៅអាស៊ីអាគ្នយ៍យើងវិញ​ ក្នុងការប្រឆាំងនឹងការងើបឡើងខ្លាំងនៃវីរុសបម្លែងថ្មីនេះ រាជរដ្ឋាភិបាលនៃប្រទេសមួយចំនួន បានដាក់ការរឹតបន្តឹងការធ្វើដំណើរឡើងវិញ ទោះបីជាប្រភេទថ្មីនេះ កំពុងចរាចរនៅក្នុងសហគមន៍មូលដ្ឋានរួចហើយក៏ដោយ។ ជាក់ស្ដែង ប្រទេសថៃ និងសិង្ហបុរីសប្ដាហ៍នេះ បានចូលរួមក្នុងការបិទព្រំដែនរបស់ពួកគេ ចំពោះអ្នកដំណើរបរទេសភាគច្រើន ដើម្បីប្រឆាំងនឹងមេរោគ ដែលគំរាម រារាំងដល់ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ឆ្នាំ២០២២។

ថ្វីបើមានភាពមិនច្បាស់លាស់ និងព័ត៌មានដ៏អាក្រក់ជុំវិញពិភពលោកអំពីការរាលដាល និងផលរំខានពីមេរោគប្រភេទថ្មីនេះក៏ដោយ ក៏ប្រជាជនរាប់លាននាក់បានបន្តផែនការធ្វើដំណើរតាមរយៈរដូវកាលវិស្សមកាល ជាមួយការគំរាមកំហែងពីវីរុសអូមីក្រុងផងដែរ។ ក្នុងនោះប្រទេសកម្ពុជាយើង ក៏ត្រូវបានរកឃើញនូវករណីឆ្លងជាបន្តបន្ទាប់ ទោះបីមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងបង្កហានិភ័យខ្លាំងនៅឡើយ៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ REUTERS,​ The Financial times