គិតត្រឹមពេលនេះ! ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងចំនួន ៦១លើក និងជ្រើសរើសមន្ត្រីជាង ៨ពាន់នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងជាង ៣០ម៉ឺននាក់


ភ្នំពេញ៖ វេទិការព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារ (ឆ្នាំសិក្សា ២០២៦-២០២៧) ដែលរៀបចំឡើងដោយ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្រាប់ការជ្រើសរើសមន្ត្រី គឺដើម្បីដោះស្រាយបញ្ហាថ្នាក់បង្រៀនពីរវេន ថ្នាក់គួប បញ្ហាខ្វះគ្រូ ព្រមទាំងដោះស្រាយបញ្ហាការគ្រប់គ្រងថវិកាគាំទ្រការបង្រៀនម៉ោងបន្ថែម ក៏ដូចជាគុណភាពនៃការបង្រៀនទាំងកម្រិតបឋមសិក្សា និងតាមមុខវិជ្ជាឯកទេសនៅកម្រិតមធ្យមសិក្សា។

ផ្អែកលើស្មារតីនេះ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតនិងបើកឱកាសឱ្យរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ៣,០០០នាក់ តាមខេត្តចំនួន ២៤ នៅកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) និងបឋមសិក្សា ដោយមិនរាប់បញ្ចូលរាជធានីភ្នំពេញ ដើម្បីចូលរួមដោះស្រាយបញ្ហាខាងលើ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការបង្រៀន។

សូមបញ្ជាក់ថា ក្រសួងមុខងារសាធារណៈធ្លាប់បានដាក់ចេញ «និយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ និងអនុវត្តការប្រឡងប្រជែងឱ្យមានស្តង់ដារ តម្លាភាព និងប្រសិទ្ធភាព ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ន និងសង្គម។

គិតត្រឹមពេលនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យ ចូលបម្រើការងារតាមក្រសួងស្ថាប័ន ចំនួន១៥ រៀបចំការប្រឡងបានចំនួន ២៨ដង ស្មើនឹង ៦១លើក ដើម្បីជ្រើសរើសមន្ត្រីចំនួន ៨,០៨៨នាក់ ក្នុងចំណោមបេក្ខជនចូលរួមដាក់ពាក្យតាមប្រព័ន្ធអនឡាញ ជាង ៣០ម៉ឺននាក់។ ក្នុងនោះមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងសរុបចំនួន ៣,៣៦៤នាក់ (អប់រំចំនួន ៣,០២៣នាក់, សុខាភិបាលចំនួន ៣,៤១នាក់ និងក្រសួងផែនការចំនួន ១៦នាក់។

ដោយឡែក ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រសួងបញ្ជាក់ថា ត្រូវដាក់ចេញជាយន្តការបន្ថែមលើប្រព័ន្ធអាជីពបច្ចុប្បន្ន ក្នុងគោលបំណងជ្រើសរើសមន្ត្រីឱ្យកាន់តែចំតាមតម្រូវការជាក់ស្តែងរបស់ក្រសួង ស្ថាប័ន និងអង្គភាព ដោយផ្តោតលើគុណវុឌ្ឍ ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលត្រូវនឹងមុខតំណែង។

ទោះជាយ៉ាងណា គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការរៀបចំការប្រឡងប្រជែង មានចក្ខុវិស័យវែងឆ្ងាយ ដោយសង្កត់ធ្ងន់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រី ត្រូវអនុវត្តដោយផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និងគ្រប់ដំណាក់កាលត្រូវអនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដើម្បីធានាឱ្យការជ្រើសរើសមន្រ្តីទាំងអស់ ត្រូវផ្អែកលើសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដរបស់បេក្ខជន។