រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កងទ័ពថៃពិតជាបានដណ្ដើមកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែនក្រោយសង្គ្រាមពិតមែន ប៉ុន្តែរដ្ឋាភិបាលមិនដែលយល់ព្រមប្រគល់ទីតាំងនោះឱ្យថៃឡើយ!
នេះជាប្រសាសន៍សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់សារជាថ្មីដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅកាន់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសដែលបន្តចោទប្រកាន់ខុសការពិត និងជំហរច្បាស់លាស់របស់កម្ពុជាចំពោះបញ្ហាព្រំដែន ក្នុងការប្ដេជ្ញាចិត្តដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃដោយសន្តិវិធី។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសរំលេចពីប្រសាសន៍សម្ដេចមហាបវរធិបតី ដែលបានលើកឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយទើបបានបិទបញ្ចប់កិច្ចប្រជុំ (UNCLOS)លើកដំបូងនៅប្រទេសសិង្ហបូរីថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិនិងការទូតជំនួសវិញ។
ក្នុងនោះ សម្ដេចបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែន នៅក្រោយការប្រយុទ្ធគ្នាពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈការងារការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការពិតជាក់ស្តែង នេះគឺមិនដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃ ដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលផ្ទុយស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាងកម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។
ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា













