រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តវិនិយោគិន OIF ឱ្យពិនិត្យមើលសក្ដានុពលពាណិជ្ជកម្មដែលកម្ពុជាមាន ដើម្បីចូលរួមខ្សែច្រវ៉ាក់តម្លៃដែលកំពុងមានឧត្តមភាព
ដោយ៖ ផាត់ គឹមឆែ
កាលពីល្ងាចថ្ងៃទី០៧ ធ្នូ ឆ្នាំ២០២១កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ច ហ្រ្វង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសាបារាំង (OIF)។
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ត្រូវបានផ្ដួចផ្ដើមឡើងដោយអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូតជាមួយប្រទេសជាសមាជិកអង្គការOIF ដែលកត្តាទាំងនេះ នឹងផ្ដល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមានវប្បធម៌ ទេសចរណ៍ សង្គមកិច្ច និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីទទួលផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិនOIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យមើលសក្តានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃដែលកំពុងមានឧត្តមភាពរីកចម្រើន។
គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្គការ OIF មានសរុបចំនួន៨៨ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មសរុប ៩,៦ប៊ីលានដុល្លាអាម៉េរិកជាមួយប្រទេស OIF ដោយក្នុងនោះ កម្ពុជាបាននាំចេញ ៦,៥ ប៊ីលានដុល្លាអាម៉េរិក កើនឡើងប្រមាណ៤% ធៀបនឹងឆ្នាំ២០១៩៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ ក្រសួងពាណិជ្ជកម្ម