ភ្លើងឆេះសាឡាងនៅហ្វីលីពីន ស្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និង ៨៧នាក់ទៀតបាត់ខ្លួន
ហ្វីលីពីន៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ៨៧នាក់ទៀតបាត់ខ្លួន បន្ទាប់ពីសាឡាងមួយគ្រឿងបានឆាបឆេះ និងលិចនៅក្បែរឆ្នេរខេត្ត Palawan ប្រទេសហ្វីលីពីន ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ។
តាមឆ្មាំសមុទ្រហ្វីលីពីន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅលើសាឡាង M/V June Aster ដែលស្ថិតនៅចម្ងាយប្រមាណ ២.២គីឡូម៉ែត្រពីឆ្នេរ។ ប្រធានក្រុមឆ្មាំសមុទ្រ Noemi Cayabyab បានឱ្យដឹងថា មនុស្សចំនួន ៤២នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះ ក្នុងនោះមានអ្នកដំណើរ ៣៨នាក់ និងសមាជិកនាវិក ៤នាក់។ ទន្ទឹមនឹងនេះ មនុស្សចំនួន ៨៧នាក់នៅមិនទាន់អាចទាក់ទង ឬកំណត់ទីតាំងបាននៅឡើយ។



ឆ្មាំសមុទ្របានបញ្ជាក់ថា បញ្ជីអ្នកដំណើរ និងនាវិករបស់សាឡាងនេះ មានចំនួនសរុប ១៣៤នាក់។ ទោះជាយ៉ាងណា ចំនួនអ្នកជួយសង្គ្រោះ អ្នកស្លាប់ និងអ្នកបាត់ខ្លួនអាចមានការផ្លាស់ប្តូរ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។
រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះឡើយ ខណៈក្រុមជួយសង្គ្រោះ និងក្រុមពន្លត់អគ្គិភ័យកំពុងបន្តប្រតិបត្តិការនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ថា គ្រោះថ្នាក់តាមផ្លូវសមុទ្រ ត្រូវបានចាត់ទុកថាជារឿងដែលកើតមានជាញឹកញាប់នៅប្រទេសហ្វីលីពីន ដែលជាប្រទេសប្រជុំដោយកោះជាង ៧,០០០កោះ និងជារឿយៗរងឥទ្ធិពលពីភ្លៀងមូសុង និងព្យុះទីហ្វុង និងកត្តាដូចជា ការថែទាំនាវាមិនបានល្អ ការដឹកអ្នកដំណើរលើសចំណុះ និងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពមិនបានតឹងរ៉ឹង ជាដើម។ ក្នុងនោះ កាលពីខែមករា ឆ្នាំ២០២៦ សាឡាងមួយគ្រឿងដែលដឹកមនុស្សជាង ៣៥០នាក់ ក៏បានលិចនៅក្បែរកោះ Baluk-baluk ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨នាក់ស្លាប់ផងដែរ។
ប្រភព៖ Aljazeera












