ក្រសួងដែនដី សម្រេចផ្អាកចរន្តអចលនទ្រព្យរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដើម្បីធានាការផ្ទេរកម្មសិទ្ធជូនអតិថិជនជាង ៣៨,០០០គ្រួសារ
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសសម្រេចផ្អាកចរន្តការលើអចលនទ្រព្យរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ឈ្មោះ ឡេង ភត្រា និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ដើម្បីធានាដល់ការដោះស្រាយគម្រោងអចលនទ្រព្យជាប់គាំង និងការផ្ទេរកម្មសិទ្ធិជូនអតិថិជន។



ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា និងគម្រោងជ្រៃមួយរយ ស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្តែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ និងមិនអាចអនុវត្តតាមកិច្ចសន្យាលក់ទិញជាមួយអតិថិជន និងម្ចាស់ដីបាន បណ្តាលឱ្យមានការតវ៉ាតាមរូបភាពផ្សេងៗ រួមទាំងបណ្តឹងមកក្រសួងជាបន្តបន្ទាប់។
ក្រសួងបានបញ្ជាក់ថា ក្នុងការដោះស្រាយបញ្ហានេះ ក្រសួងបាន ជួយសម្របសម្រួលជូនក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនមានឱកាសក្នុងការបន្តដោះស្រាយជូនអតិថិជន ប៉ុន្តែក្រុមហ៊ុន នៅតែមិនអាចផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលា ជូនអតិថិជនបានឡើយ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ដឹកនាំសម្របសម្រួលការងារសាងសង់ផ្ទះ និងចាក់បំពេញដី ជូនអតិថិជនក្នុង គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ និងបានឯកភាពក្នុងការលក់ឡៃឡុង ដោយបញ្ជាក់ថា ក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការសាងសង់បញ្ចប់ជូនអតិថិជនឡើយ។
ទោះជាយ៉ាងណា ផ្អែកលើស្មារតីនេះ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសម្របសម្រួលការសាងសង់ បញ្ចប់និងបានប្រគល់ផ្ទះជូនអតិថិជន ចំនួន ៥៩៨ផ្ទះ និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន១០០% ចំនួន ៥ ៩៧០ បណ្ណ និងបានចាក់បំពេញដីបន្ថែមនៅគម្រោង ជ្រែមួយរយ សម្រេចបានប្រមាណ ៦០%។
ដោយឡែក ទាក់ទងនឹងការលើកឡើងនៅលើបណ្តាញសង្គម Facebook របស់គណនីឈ្មោះ “Leng Navatra ឡេង ណាវ៉ាត្រា”, គណនីឈ្មោះ “Ton ChanSeyma តន់ ចន្ទសីម៉ា” និងគណនីឈ្មោះ “Leng Nimol ឡេង និមល ក្រសួងបានបញ្ជាក់ថា នោះគឺជាការបំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម ដែលអាចជាចេតនាព្យុះញង់ បង្កចលាចល ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកទង្វើនេះថាជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និង សីលធម៌វិជ្ជាជីវៈ ដែលអាចប្រឈមនឹងផ្លូវច្បាប់ ស្របតាមប្បញ្ញត្តិនៃមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
ជាងនេះទៅទៀត ក្រសួងបានគូសបញ្ជាក់ថា ដើម្បីឧត្តមប្រយោជន៍របស់អតិថិជន ចំនួន ប្រមាណជាង ៣៨ ០០០គ្រួសារ នៅទូទាំងប្រទេស ក្រសួងក៏បានស្នើអតិថិជនពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្ត ចំណាត់ការនានា ក្រោមយន្តការសម្របសម្រួល ប្រកបដោយស្មារតីយោគយល់ អធ្យាស្រ័យគ្នា អនុគ្រោះគ្នា និងការទទួលខុសត្រូវខ្ពស់! ហើយភាគីក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណោះស្រា ដំណោះស្រាយតាមយន្តការដែលបានឯកភាពគ្នា ហើយក្រសួងនៅតែបន្តដឹកនាំ សម្របសម្រួលដោះស្រាយវិបត្តិជាប់តាំងនៃ បត្តិជាប់តាំងនៃគម្រោងទាំងនេះ។
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់











