ចិនចេញមុខ ធានាផ្ដល់ដំណឹងទៅគ្រួសារជនបរទេស ២៦១នាក់ មកពី២៣ប្រទេស ដែលបន្តបាត់ខ្លួនក្នុងគ្រោះមហន្តរាយនៅនេប៉ាល់


ទីបេ៖ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មាន និងសម្របសម្រួលការស្វែងរកជនបរទេសដែលបានបាត់ខ្លួន បន្ទាប់ពីគ្រោះមហន្តរាយនៅតំបន់ហិម៉ាឡៃយ៉ា ខណៈអាជ្ញាធរបញ្ជាក់ថា ជនបរទេសចំនួន ២៦១នាក់ មកពី ២៣ប្រទេស នៅតែបាត់ខ្លួន។

យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយ អ្នកសារព័ត៌មានមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី ប្រេស៊ីល និងប្រទេសផ្សេងៗទៀត ត្រូវបានអញ្ជើញឱ្យចុះយកព័ត៌មានដោយផ្ទាល់នៅ ច្រកព្រំដែន Gyirong កាលពីថ្ងៃទី៥-៦ ខែកញ្ញា និងបានចូលរួមក្នុងកិច្ចប្រជុំបំភ្លឺព័ត៌មាននៅតំបន់ទីបេកាលពីថ្ងៃអាទិត្យ។

អាជ្ញាធរចិនបានចេញមុខ អន្តរាគមព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងពិសេសសម្រាប់ក្រុមគ្រួសារជនបរទេស ដែលកំពុងបាត់ខ្លួន និងបង្កើតយន្តការចែករំលែកទិន្នន័យជាប្រចាំជាមួយប្រទេសនេប៉ាល់ ដើម្បីសម្របសម្រួលការផ្តល់ព័ត៌មាន និងការឆ្លើយតបចំពោះស្ថានការណ៍គ្រោះមហន្តរាយនេះ។

ចិនក៏បានបញ្ជូនក្រុមអ្នកជំនាញ និងផ្គត់ផ្គង់សម្ភារៈសង្គ្រោះបន្ទាន់ទៅកាន់នេប៉ាល់ តាមការស្នើសុំរបស់ប្រទេសនេះ ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរចិនបានកំណត់ឱ្យបើក ខ្សែទូរស័ព្ទបន្ទាន់ ២៤ម៉ោងពេញ សម្រាប់ក្រុមគ្រួសារជនបរទេសដែលបាត់ខ្លួន។ ខ្សែទូរស័ព្ទនេះ បានទទួលការហៅចូលសរុប ៥០៩លើក ហើយព័ត៌មានថ្មីៗត្រូវបានផ្តល់ជូនក្រុមគ្រួសារដែលបានទាក់ទងមកទាន់ពេលវេលា។

អាជ្ញាធរចិនក៏បានបញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងជនបរទេសដែលបាត់ខ្លួន ត្រូវបានជូនដំណឹងបន្តបន្ទាប់ទៅកាន់ស្ថានទូតនៃប្រទេសពាក់ព័ន្ធប្រចាំប្រទេសចិន តាមរយៈ បណ្តាញការទូត ដើម្បីជួយសម្របសម្រួលការផ្តល់ព័ត៌មានទៅកាន់ក្រុមគ្រួសារ និងការងារស្វែងរកអ្នកបាត់ខ្លួន។

ដោយឡែក វិធានការទាំងនេះត្រូវបានអនុវត្តក្នុងគោលបំណងពង្រឹងការសម្របសម្រួលរវាងចិន នេប៉ាល់ និងបណ្តាប្រទេសដែលមានពលរដ្ឋរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ព្រមទាំងធានាឱ្យក្រុមគ្រួសាររបស់ជនបរទេសដែលបាត់ខ្លួន អាចទទួលបានព័ត៌មានអំពីស្ថានភាពរបស់សាច់ញាតិរបស់ពួកគេបានឆាប់រហ័ស និងត្រឹមត្រូវ។

ប្រភព៖ China Focus