|

សម្ដេច ហ៊ុន សែន«បើមិនមានវិធីធ្វើនយោបាយ កុំធ្វើអ្នកនយោបាយ»


ដោយ៖ ផាត់ គឹមឆែ

នាព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្រោមអធិបតីភាពរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ថ្លែងក្នុងសន្ទរកថានាឱកាសនេះ សម្ដេច នាយករដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រនានាក្នុងការដឹកនាំប្រទេសកម្ពុជា រួមទាំងបញ្ហានានាដែលកំពុងកើតឡើង។

កន្លងមក មជ្ឍដ្ឋានអ្នកវិភាគតែងបានលើកឡើងពីយុទ្ធសាស្ត្រនានារបស់សម្ដេចនាយករដ្ឋមន្ត្រីថា កាយវិការទាំងនោះជាការពង្រឹងអំណាច។ ឆ្លើយតបទៅនឹងមតិបែបនេះ សម្ដេចបានលើកឡើងថា «បើធ្វើនាយករដ្ឋមន្ត្រី មិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ»។ ការយកចិត្តទុកដាក់ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ រួមទាំងកិច្ចការផ្ទៃក្នុងនានា ជាភារកិច្ចរបស់នាយករដ្ឋមន្ត្រីដើម្បីដឹកនាំដំណើរឈានទៅមុខនៃប្រជាជាតិទាំងមូល ដែលមិនមែនមានតែប្រទេសកម្ពុជានោះទេ ជាក់ស្ដែងប្រទេសនានា ក៏ពង្រឹងអំណាចរបស់ខ្លួនដែរ ក្នុងនាមជានាយករដ្ឋមន្ត្រីមួយរូប។ ដូចនេះសម្ដេចបានបន្តថា «ខ្ញុំនឹងបន្តពង្រឹងអំណាចរបស់ខ្ញុំទៀត»។

បញ្ហាមួយវិញទៀត មានចម្ងល់ជាច្រើន បានជជែកវែកញែកថា សម្ដេច នាយករដ្ឋមន្ត្រីអាចនឹងជ្រោមជ្រែងកូនខ្លួនឯងក្នុងតំណែងជានាយករដ្ឋមន្ត្រីបន្ត។ តាមរយៈប្រសាសន៍បញ្ជាក់ច្បាស់ៗ បានប្រតិកម្មទៅនឹងមតិលើកឡើងទាំងនេះកុំឱ្យមានការសង្ស័យ និងវិភាគច្រើន គឺ សម្ដេចបានប្រកាសថា«ហ៊ុន ម៉ាណែត ជាបេក្ខជនមួយក្នុងចំណោមបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពេញទំហឹងពីឪពុក»។ ប៉ុន្តែ ការគាំទ្រឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តគឺ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវពីប្រជាជន។ ការលើកឡើងបែបនេះ ទំនងនឹងអាចឱ្យអ្នកវិភាគមួយចំនួនអស់ការងឿងឆ្ងល់ និងបង្កើតមតិខ្សឹបខ្សៀវបន្តទៀត ដោយមិនត្រឹមត្រូវ។

  • គួរបញ្ជាក់ថា ថ្ងៃទី ០២ ធ្នូ នេះមាន ព្រឹត្តិការណ៍សំខាន់ៗជាច្រើនដែលរួមមាន៖
  • ០២ ខែធ្នូ ខួបទី៤៣ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ
  • ០២ ខែធ្នូ ខួបទី៣៤ នៃកិច្ចចរចារវាង ព្រះបាទនរោត្តមសីហនុ និងសម្ដេច ហ៊ុន សែន
  • ០២ ធ្នូ ខួបទី២៣ នៃការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ
  • ០២ ធ្នូ ខួបទី២៣ នៃការបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវឯកភាពជាតិ ឯករាជ្យទឹកដី៕

កែសម្រួលដោយ៖ BRANDMEDIA