គ្រោះមហន្តរាយទឹកជំនន់នៅនេប៉ាល់៖ ចំនួនអ្នកស្លាប់កើនឡើងជាង ៩០០នាក់ ខណៈអ្នកបាត់ខ្លួនថយមក ៣,៩២៥នាក់
កាត្មាន់ឌូ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅតំបន់ជិតព្រំដែនចិន ក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៩៣៩នាក់ ខណៈចំនួនអ្នកបាត់ខ្លួនបានថយចុះមកនៅត្រឹម ៣,៩២៥នាក់។ នេះបើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេប៉ាល់ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ខណៈប្រតិបត្តិការជួយសង្គ្រោះបានឈានចូលដល់ថ្ងៃទី៦។

អាជ្ញាធរបានបញ្ជាក់ថា សាកសពមួយចំនួន ត្រូវបានរកឃើញដោយអាជ្ញាធរឥណ្ឌា និងកំពុងស្ថិតក្រោមដំណើរការកំណត់អត្តសញ្ញាណ ហើយមិនទាន់ត្រូវបានរាប់បញ្ចូលក្នុងតួលេខអ្នកស្លាប់របស់នេប៉ាល់នៅឡើយទេ។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នៅតំបន់ទីបេ មានមនុស្ស ១៦នាក់បានស្លាប់ និង ៥៤៦នាក់បាត់ខ្លួន ដែលធ្វើឱ្យតួលេខសរុបនៃអ្នកស្លាប់នៅនេប៉ាល់ និងទីបេកើនដល់ ៩៥៥នាក់ និងអ្នកបាត់ខ្លួនសរុប ៤,៤៧១នាក់។ ដោយឡែក ក្នុងបញ្ជីអ្នកបាត់ខ្លួនរបស់នេប៉ាល់ មានជនបរទេសចំនួន ៥៩២នាក់។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនេះ ប្រទេសចិន បានបដិសេធចំពោះការចោទប្រកាន់ ដែលអះអាងថា គម្រោងវារីអគ្គិសនីខ្នាតធំរបស់ខ្លួននៅតំបន់ទីបេ ទាក់ទងទៅនឹងគ្រោះទឹកជំនន់ភ្លាមៗដែលបានកើតឡើងនៅនេប៉ាល់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ភាគីចិនបានចាត់ទុកការអះអាងបែបនេះថា ជា «ចេតនាអាក្រក់» និងបានបដិសេធការលើកឡើងថា «គម្រោងវារីអគ្គិសនីរបស់ចិននៅទីបេជាមូលហេតុនៃគ្រោះមហន្តរាយនេះ»។
ចំពោះស្ថានភាពសាកសពដែលត្រូវបានរកឃើញ អគ្គលេខាធិការក្រសួងការបរទេសនេប៉ាល់ លោក Amrit Bahadur Rai បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ ខែសីហា ថា សាកសពជនរងគ្រោះមួយចំនួនដែលមិនអាចកំណត់អត្តសញ្ញាណបាន រួមទាំងសាកសពដែលខូចខាតធ្ងន់ មួយចំនួនត្រូវបានបាត់បង់អវយវៈ ឬរលួយដោយសារតែការប៉ះពាល់នឹងទឹកក្នុងរយៈពេលយូរ ត្រូវបានបញ្ចុះតាម «នីតិវិធីស្តង់ដារ និងត្រូវបានទទួលស្គាល់»។
ទន្ទឹមនេះ ប្រតិបត្តិការស្វែងរក និងការជួយសង្គ្រោះនៅតែបន្ត ខណៈអាជ្ញាធរនេប៉ាល់កំពុងប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ។
ប្រភព៖ The Hindu











