បុគ្គលិកសន្តិសុខឯកជន ដែលដកហូតថាសម្ជូរពីក្មេងប្រុសនៅកោះនរា ត្រូវបានក្រុមហ៊ុនបណ្ដេញចេញហើយ


ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចេញចំណាត់ការដែលគួរតែអនុវត្តលើ បុគ្គលិកសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ដែលបានដកហូតផ្លែឈើស្រស់ (ម្ជូរ) ពីក្មេងប្រុសដើរលក់ដូរចល័តម្នាក់ នៅទីតាំងអភិវឌ្ឍន៍កោះនរា កាលពីយប់ថ្ងៃទី៣០ ខែសីហា។

ផ្អែកលើព័ត៌មានមូលដ្ឋាន រដ្ឋបាលខណ្ឌច្បារអំពៅ បានអញ្ជើញអ្នកគ្រប់គ្រងក្រុមហ៊ុន អភិវឌ្ឍន៍កោះនរា មកបំភ្លឺពាក់ព័ន្ធនឹងករណីបាតុភាព ដែលបានកើតឡើង និងបង្កឡើងដោយបុគ្គលិកសន្តិសុខឯកជន របស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា និងទទួលបានលទ្ធផល ដោយប្រធានក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានទទួលស្គាល់ករណីការដក ហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា គឺប្រព្រឹត្តដោយសន្តិសុខឯកជនរបស់ក្រុមហ៊ុនពិតប្រាកដមែន មិនពាក់ព័ន្ធនឹងកម្លាំងសណ្តាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ និងបានធ្វើការសូមទោសជាសាធារណៈអំពីសកម្មភាព ដែលបានកើតមានឡើងខុសពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងចំណាត់ការនោះ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ក៏បានអនុវត្តទណ្ឌកម្មដោយបណ្តេញចេញបុគ្គលជាសន្តិសុខឯកជន ដែលបានប្រព្រឹត្តិកំហុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានធានាចេញថ្លៃ និងរ៉ាប់រងសំណងរាល់ការខូចខាតទាំងស្រុងជូន ដល់ក្មេងប្រុសនោះផងែរ។ ដោយឡែក ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ក៏បានសន្យាថាថ្ងៃក្រោយពុំឱ្យមានសកម្មភាពបែបនេះកើតឡើង បន្តទៀតទេ និងទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ជូនថា ចំណាត់ការនេះ ធ្វើឡើងភ្លាមៗ ក្រោយរដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាឱ្យធ្វើការស្រាវជ្រាវបន្ទាន់ ជុំវិញករណីកម្លាំងសន្តិសុខកោះនរា ដែលបានដកហូតផ្លែឈើស្រស់ (ម្ជូរ)របស់ក្មេងប្រុសម្នាក់ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ជាលទ្ធផល រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានរកឃើញថា សកម្មភាពនោះ គឺបង្កដោយក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ។

ប្រភព៖ រដ្ឋបាលខណ្ឌច្បារអំពៅ