រដ្ឋបាលខណ្ឌច្បារអំពៅ បំភ្លឺថា ករណីដកហូតថាសម្ជូរពីក្មេងប្រុសម្នាក់នៅកោះនរា គឺជាសកម្មភាពរបស់ក្រុមសន្តិសុខឯកជន
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចេញមុខបំភ្លឺ ពាក់ព័ន្ធករណីដកហូតផ្លែឈើស្រស់ (ម្ជូរ) ពីក្មេងប្រុសម្នាក់ ដែលដើរលក់ដូរចល័ត នៅតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើកងកម្លាំងសន្តិសុខតាមតំបន់នោះ បន្ទាប់ពីវីដេអូមួយ ត្រូវបានបង្ហោះតាមបណ្តាញសង្គម កាលពីយប់ថ្ងៃទី៣០ ខែសីហា។



ជុំវិញករណីនេះ ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធ រដ្ឋបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវភ្លាមៗ និងរកឃើញថា ការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសនោះ គឺបានធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងសណ្តាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានគូសបញ្ជាក់ថា ការដកហូតរបស់ក្រុមសន្តិសុខឯកជនកោះនរានេះ ធ្វើឡើងដោយពុំបានរាយការណ៍ និងស្នើសុំការសហការ ពីរដ្ឋបាលខណ្ឌនោះឡើយ។ ដូច្នេះ រដ្ឋបាលខណ្ឌ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ព្រមទាំងចាត់វិធានការដើម្បី កុំឱ្យមានបាតុភាពនេះកើតឡើងបន្តទៀត។
ប្រភព៖ រដ្ឋបាលខណ្ឌច្បារអំពៅ











