នគរបាលជាតិ ដាក់ឱ្យអនុវត្តកម្មវិធី «Kapea Scams» ដើម្បីផ្ដល់កិច្ចការពារ និងងាយស្រួលឱ្យប្រជាពលរដ្ឋ រាយការណ៍បទល្មើស Online Scams
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហានេះ បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទឈ្មោះ Kapea Scams ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អាចរាយការណ៍អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬករណីសង្ស័យថាខ្លួនត្រូវបានគេក្លែងបន្លំពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។





ការអនុវត្តនេះ ធ្វើឡើងស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំ និងបង្កើតកម្មវិធីឈ្មោះ “Kapea Scams” ដើម្បីបង្ការ ទប់ស្កាត់ និងផ្ដល់កិច្ចការពារសាធារណជនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានដាក់ចេញដំណើរការសាកល្បងលើប្រព័ន្ធប្រតិបត្តិការ IOS និងAndroid រយៈពេល ៣ខែ។
ដោយឡែក កម្មវិធី “Kapea Scams” មានមុខងារសំខាន់ៗ ដូចជា៖ ១. ក្រើនរំលឹក ឬភ្ញោចស្មារតីដល់សាធារណជន នូវលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Alert)។ ២. បិទការហៅចូលដោយស្វ័យប្រវត្តិ នូវលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Block Call)។ ៣. ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការវិវឌ្ឍន៍ និងកលល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ។ ៤. រាយការណ៍ពាក់ព័ន្ធបទល្មើសឆបោក ដែលប្រជាពលរដ្ឋជួបប្រទះ។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ















