ស្ថានទូតចិន ផ្ដល់ជំនួយបច្ចេកវិទ្យាវៃឆ្លាត(ដ្រូន) សម្រាប់គាំទ្រការបោសសម្អាតមីន និងសំណល់សង្គ្រាមនៅកម្ពុជា


ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានអង្គភាព CMAC រាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់-ទទួល និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យានយន្តគ្មានមនុស្សបើក (Drone) សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក CMAC រួមគ្នាជាមួយ លោក និងលោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោក XU Peng អគ្គនាយកក្រុមហ៊ុនចិន Hopong ដោយមានការផ្ទេរ-ប្រគល់ និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់ដ្រូន (Drone) ជូនអង្គភាព CMAC សម្រាប់បម្រើដល់ការងារមនុស្សធម៌ និងគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់នេះ​ ពិតជាអាចជួយដល់ការពង្លឿនល្បឿនដល់ការងារស្រាវជ្រាវដាក់សញ្ញាសំគាល់កំណត់ទីតាំងមានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម​ និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។

ក្នុងឱកាសនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន Hopong ដែលបានផ្តល់ការគាំទ្រ ព្រមទាំងប្រជាជនចិន ដែលបានជួយគាំទ្រដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពម្ចាស់ការលើខឿនសេដ្ឋកិច្ចជាតិ ខឿនការពារជាតិ និងជាពិសេសដល់សកម្មភាពកិច្ចការមនុស្សធម៌របស់អង្គភាព CMAC ផងដែរ។

ប្រភព៖ ឯកឧត្តម ហេង រតនា