ACU និង CCC ពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងអំពើពុករលួយ
(ភ្នំពេញ) ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានជួបពិភាក្សាបឋមនៅស្នាក់ការសភាពាណិជ្ជកម្មកម្ពុជាស្ថិតនៅអគារ Wing Tower លើចំណុចសំខាន់ៗ ជាកង្វល់របស់វិស័យឯកជនដើម្បីរួមគ្នាចងក្រងជាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដែលគ្រោងនឹងចុះហត្ថលេខានាពេលដ៏ឆាប់ខាងមុខនេះ។
ជំនួបនេះ បានបង្ហាញអំពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងលើកកម្ពស់សុចរិតភាព តម្លាភាព និងការគោរពច្បាប់ក្នុងការប្រកបធុរកិច្ចនៅកម្ពុជា។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា៖ «យើងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមការចុះហត្ថលេខាលើ MOU នោះទេ ប៉ុន្តែត្រូវក្លាយជាយន្តការសហការជាក់ស្តែង ដែលជួយវិស័យឯកជន បង្ការ និងកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ព្រមទាំងរួមគ្នាពង្រឹងពង្រីកការកសាងវប្បធម៌សុចរិតភាព»។
ខ្លឹមសារ MOU ផ្តោតលើចំណុចសំខាន់ៗ ៖ ១) វិស័យឯកជនប្តេជ្ញាបដិសេធអំពើសូកប៉ាន់និងអំពើពុករលួយ ២) ACU ប្តេជ្ញាគាំទ្រការការពារសុចរិតភាព និង៣)ការបង្កើតច្រកទំនាក់ទំនងរហ័ស សម្ងាត់ និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា CCC ជាស្ថាប័នមិនរកប្រាក់ចំណេញ និងជាតំណាងច្រកចេញចូលតែមួយសម្រាប់វិស័យឯកជននៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ACU ដោយចាត់ទុកថាការចូលរួមរបស់វិស័យឯកជន គឺជាផ្នែកដ៏សំខាន់ក្នុងការកសាងបរិយាកាសធុរកិច្ចប្រកបដោយសុចរិតភាព និងការប្រកួតប្រជែងដោយស្មើភាព។
កិច្ចសហប្រតិបត្តិការនេះ ស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការពង្រឹងអភិបាលកិច្ចល្អ សុចរិតភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល។
ជាងនេះទៅទៀត ACU បានចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់ក្នុងដង្ហើមសេដ្ឋកិច្ចជាតិដែលត្រូវចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ACU បន្តលើកទឹកចិត្តដល់សហគ្រាស ក្រុមហ៊ុន និងសមាគមធុរកិច្ច សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមកសាង វប្បធម៌សុចរិតភាព ដើម្បីពង្រឹងទំនុកចិត្តក្នុងការវិនិយោគ ការប្រកួតប្រជែងដោយស្មើភាព និងរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព៕




ប្រភព៖ ACU











