ស្នងការរងចរាចរណ៍ ទម្លាយមុខម្ចាស់ប្រេន ដែលបើកបុកក្មេងស្រីបាក់ដៃ និងហៅឱ្យសាមីខ្លួនចូលមកដោះស្រាយតាមច្បាប់


ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះសារខ្លីមួយបង្កប់ចម្ងល់ថា៖ «ម្ចាស់ប្រែនមួយបុកក្មេងស្រីបាក់ដៃ ហើយព្យាយាមគេចមិនចូលខ្លួន អោយតំណាងនឹងម្តាយចូលតែខ្លួន អែងគេច សូមចូលខ្លួនជាបន្ទាន់»។ ជុំវិញការលើកឡើងនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាមានការងឿងឆ្ងល់ និងរង់ចាំមើលថា ម្ចាស់ប្រនរូបណា ដែលគ្មានទំនួលខុសត្រូវ និងគេចវេសច្បាប់បែបនេះ។

នៅថ្ងៃដដែល ក្រោយបានបង្ហោះសារបង្ករការវែកញែកជាបន្តបន្ទាប់ ស្នងការរងទទួលផែនចរាចរណ៍ បានបង្ហាញមុខជនគេចច្បាប់ ជាម្ចាស់ប្រេន ដែលបង្កហេតុ គឺជាមនុស្សប្រុស និង ជាអ្នកលក់សម្លៀកបំពាក់អនឡាញម្នាក់។ ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ បានព្រមានថា៖ «បើគិតថាខ្លួនឯងត្រូវកុំខ្លាច កុំរត់ ច្បាប់មាន បើត្រូវប៉ូលិសមិនឃាត់ដាច់ខាត ហើយប៉ូលិសនឹងការពារ សូមសាមីខ្លួនចូលមកដោយផ្ទាល់កុំគេចខ្លួន។ ជាប្រុស កុំឱ្យម្តាយមកដោះស្រាយជំនួស ចូលមកដោះស្រាយតាមច្បាប់ចរាចរណ៍»។

ទន្ទឹមនោះផងដែរ ដោយឃើញមានការបង្ហោះវីដេអូពីករណីកើតហេតុផ្សេងៗគ្នា និងវែកញែកពេញបណ្ដាញសង្គម ស្នងការរងទទួលផែនចរាចរណ៍ បានសង្កត់ធ្ងន់ថា «បើត្រូវកុំគេច ហើយកុំមើលវីដេអូ ហើយវិភាគ តែមួយវីដេអូនឹង នៅមានសាក្សី នៅកន្លែងកើតហេតុ នៅពេទ្យ ហើយជូនដល់ពេទ្យហើយចេញវិញឡើងលឿនអីមានទាំងអស់ សាក្សីនឹងវីដេអូផ្សេងមាន បើគាត់ត្រូវហើយ ចូលមកប៉ូលីសការពារ មិនឃាត់ដាច់ខាត ខ្ញុំធានាបើគាត់ត្រូវខ្ញុំនឹងការពារគាត់ មិនបាច់វិភាគតាមខមិនទេ»។