ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យធំបំផុតប្រចាំប្រទេសចិន ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយសារភាពពីបទឆបោក


ចិន៖ លោក ហ៊ុយ កា យ៉ាន (Hui Ka Yan) ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Evergrande ដែលជាអ្នកមានបំផុតម្នាក់ នៅប្រទេសចិន ត្រូវបានតុលាការកំពូលចិនកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីលោកបានសារភាពកំហុស ចំពោះបទល្មើសហិរញ្ញវត្ថុជាច្រើន។

យោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុយ កា យ៉ាន អាយុ ៦៧ឆ្នាំ បានសារភាពកំហុសរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៦ ចំពោះបទចោទប្រកាន់ចំនួន ៨ រួមមាន ការប្រើប្រាស់មូលនិធិខុសគោលដៅ ការឆបោកក្នុងការប្រមូលមូលនិធិ ការទទួលប្រាក់បញ្ញើខុសច្បាប់ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ ការក្លែងបន្លំមូលបត្រ និងអំពើសូកប៉ាន់ផ្សេងៗ។

សូមរំឭកថា លោក ហ៊ុយ ធ្លាប់ត្រូវបានទស្សនាវដ្តី Forbes ចាត់ទុកជាមហាសេដ្ឋីមានបំផុតនៅប្រទេសចិន ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ៤២.៥ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៧។

តុលាការកម្រិតមធ្យមក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន បានបញ្ជាក់នៅក្នុងសាលក្រមថា ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ លោក ហ៊ុយ បាន «រំលោភច្បាប់រដ្ឋ» តាមរយៈការប្រើប្រាស់វិធីសាស្ត្រឆបោកហិរញ្ញវត្ថុ ទ្រង់ទ្រាយធំ និងជាបន្តបន្ទាប់ ដើម្បីបង្កើនតម្លៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងលាក់បាំងបំណុល។ តុលាការបានចាត់ទុកថា សកម្មភាពរបស់លោកបាន «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម» និងបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

ក្រៅពីការផ្តន្ទាទោសលោក ហ៊ុយ ក្រុមហ៊ុន Evergrande Group ដែលលោកជាស្ថាបនិក ក៏ត្រូវបានពិន័យជាប្រាក់ប្រមាណ ៨.៨ ពាន់លានយ័ន ស្មើប្រមាណ ៩៥០ លានដុល្លារអាម៉េរិក ខណៈក្រុមហ៊ុនអចលនទ្រព្យក្នុងបុត្រសម្ព័ន្ធរបស់ Evergrande ត្រូវបានពិន័យបន្ថែមប្រមាណ ៧ ពាន់លានយ័នផងដែរ។

ជាមួយគ្នានេះ មនុស្សជាង ៥០នាក់ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Evergrande ក៏ត្រូវបានផ្តន្ទាទោសនៅថ្ងៃដូចគ្នា ដោយទទួលទោសជាប់ពន្ធនាគារចាប់ពី ២០ខែ រហូតដល់ ១៨ឆ្នាំ។

ដោយឡែក ជុំវិញវិបត្តិរបស់ Evergrande នេះ បានក្លាយជាសញ្ញាមួយនៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលជាវិស័យមានសារៈសំខាន់ខ្លាំងចំពោះសេដ្ឋកិច្ចជាតិ។ ការសិក្សាមួយដែលបានចេញផ្សាយក្នុងឆ្នាំ២០២៦ បានប៉ាន់ប្រមាណថា ការរឹតបន្តឹងបទប្បញ្ញត្តិលើវិស័យអចលនទ្រព្យនេះ បានបណ្តាលឱ្យមានការចំណាយដែលមិនអាចស្តារឡើងវិញបានប្រមាណ ៣៤៧ ពាន់លានដុល្លារអាម៉េរិក នៅទូទាំងសេដ្ឋកិច្ចចិន។

ប្រភព៖ The Guardian