ប្រទេសចិនដាក់ឱ្យដំណើរការ «ប៉ូលិសមនុស្សយន្ត» ដើម្បីជួយមន្ត្រីប៉ូលិសក្នុងការគ្រប់គ្រងចរាចរណ៍
ប្រទេសចិន បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ «ប៉ូលិសមនុស្សយន្ត» ចរាចរណ៍នៅតាមដងផ្លូវក្នុងទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ដើម្បីជួយមន្ត្រីប៉ូលិសក្នុងការគ្រប់គ្រងចរាចរណ៍ និងរំលឹកអ្នកដំណើរដែលបំពានច្បាប់ ប៉ុន្តែមនុស្សយន្តទាំងនេះ មិនមានសិទ្ធិចាប់ខ្លួន ឬផាកពិន័យឡើយ។









មនុស្សយន្ត T2 ដែលមានកម្ពស់ ១.៨៨ម៉ែត្រ និងទម្ងន់ប្រមាណ ៩៨គីឡូ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន SUPCON Information។ វាជាផ្នែកមួយនៃគម្រោងសាកល្បង ដែលមានគោលបំណងផ្ទេរភារកិច្ចគ្រប់គ្រងចរាចរណ៍ប្រចាំថ្ងៃមួយចំនួនពីមន្ត្រីចរាចរណ៍ទៅឱ្យមនុស្សយន្តជំនួសវិញ។
មនុស្សយន្តទាំងនេះ អាចប្រើប្រាស់ កាមេរ៉ា ប្រព័ន្ធរ៉ាដា និងប្រព័ន្ធកុំព្យូទ័រវៃឆ្លាត ដើម្បីសម្គាល់ការបំពានច្បាប់ចរាចរណ៍ ដូចជា អ្នកជិះកង់អគ្គិសនីមិនពាក់មួកសុវត្ថិភាព រថយន្តឈប់ហួសខ្សែសញ្ញា និងអ្នកថ្មើរជើងឆ្លងផ្លូវនៅពេលសញ្ញាមិនអនុញ្ញាតជាដើម។ នៅពេលរកឃើញការបំពាន មនុស្សយន្តអាចផ្តល់ ការព្រមាន ហើយអាចបង្វិលដៃតាមចលនាសញ្ញារបស់ប៉ូលិសចរាចរណ៍ជាក់ស្ដែង ដើម្បីសម្របសម្រួលភ្លើងសញ្ញាចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធិភាព។
ក្រៅពីការត្រួតពិនិត្យចរាចរណ៍ មនុស្សយន្ត ក៏អាចឆ្លើយសំណួរទូទៅរបស់ប្រជាពលរដ្ឋអំពី ទិសដៅ កន្លែងចតរថយន្ត និងច្បាប់ចរាចរណ៍ ហើយមុខងារសង្គ្រោះបន្ទាន់នានា ក៏អាចភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ប៉ូលិសក្នុងតំបន់បានផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន SUPCON បានដាក់មនុស្សយន្តចំនួន ១៥គ្រឿង ឱ្យប្រើប្រាស់នៅទីក្រុង Hangzhou ចាប់តាំងពីខែឧសភា ហើយក្រុមហ៊ុននេះ អះអាងថា មនុស្សយន្តទាំងនេះ បានផ្តល់ការព្រមានជាង ១៧០,០០០ករណីរួចមកហើយ ថែមទាំងបានជួយកាត់បន្ថយករណីបំពានច្បាប់ចរាចរណ៍ប្រចាំខែ បានជាង ៤០%។
ក្រុមហ៊ុនបាននិយាយថា មនុស្សយន្តត្រូវបានសាកល្បងអស់រយៈពេលរាប់ពាន់ម៉ោង នៅតំបន់ទេសចរណ៍ តំបន់សាលារៀន តំបន់ពាណិជ្ជកម្ម ពេលមានចរាចរណ៍កកស្ទះ និងក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ។ ប្រព័ន្ធសម្គាល់ការបំពានត្រូវបានអះអាងថាមានភាពត្រឹមត្រូវលើស ៩៥% ប៉ុន្តែកាមេរ៉ា និងរ៉ាដានៅតែអាចដំណើរការមិនសូវល្អ ដោយសារពន្លឺថ្ងៃខ្លាំងពេក ភ្លៀង និងការប្រែប្រួលសីតុណ្ហភាព។
ទោះជាយ៉ាងណា បច្ចុប្បន្នមនុស្សយន្តទាំងនេះ អាចធ្វើការដោយស្វ័យប្រវត្តិចាប់ពីម៉ោង ៧ព្រឹក ដល់ ៦ល្ងាច ដោយផ្លាស់ទីទៅតាមទីតាំងដែលបានកំណត់ទុកជាមុន ហើយមិនចាំបាច់មានមនុស្សបញ្ជាពីចម្ងាយគ្រប់ពេលនោះទេ។ ក្រុមហ៊ុន បានអះអាងថា មានមនុស្សយន្តប្រភេទនេះ ជិត ៥០គ្រឿង កំពុងប្រតិបត្តិការនៅប្រហែល ៨ទីក្រុង ក្នុងខេត្តចំនួន៣ នៃប្រទេសចិន ហើយរំពឹងថាចំនួននេះ នឹងអាចបន្តកើនដល់ ២០០គ្រឿងនៅចុងឆ្នាំ២០២៦។
ប្រភព៖ Reuters











