សេដ្ឋកិច្ចថៃ ដាំក្បាលចុះខ្លាំងក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ដោយសារការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ


បាងកក៖ សេដ្ឋកិច្ចថៃត្រូវបានព្យាករណ៍ថា មានការកើនឡើងយឺតខ្លាំងក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ដោយសារកត្តាចំណាយរបស់ប្រជាពលរដ្ឋធ្លាក់ចុះ ខណៈការនាំចេញ និងការវិនិយោគឯកជន គ្រាន់តែអាចជួយទប់ស្កាត់ការថមថយបានមួយផ្នែកប៉ុណ្ណោះ។

យោងតាម Reuters ដោយផ្អែកលើអ្នកវិភាគសេដ្ឋកិច្ចចំនួន ១៥នាក់ បានឱ្យដឹងថា សេដ្ឋកិច្ចថៃកើនឡើងត្រឹមតែ ១,៧% ក្នុងអំឡុងខែមេសា ដល់មិថុនា ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលចំនួននេះ បានថយចុះពីកំណើន ២,៨% ក្នុងត្រីមាសទី១។

អ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុក ការប្រើប្រាស់ក្នុងស្រុក ជាកត្តាសំខាន់ដែលអូសទាញកំណើនសេដ្ឋកិច្ចថៃ។ យ៉ាងណាមិញ ដោយសារការកើនឡើងនៃតម្លៃប្រេង និងថ្លៃដឹកជញ្ជូនបានធ្វើឱ្យថ្លៃទំនិញ និងសេវាកម្មកើនឡើង ទើបជំរុញឱ្យប្រជាជនក្នុងស្រុកកាត់បន្ថយការចំណាយ។ ម្យ៉ាងទៀត បំណុលគ្រួសារខ្ពស់ និងកត្តាប្រជាជនវ័យចំណាស់ច្រើន ក៏ជាសម្ពាធសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

បើទោះបីជា វិស័យទេសចរណ៍ ដែលជាសសរស្តម្ភយ៉ាងសំខាន់មួយនៃសេដ្ឋកិច្ចថៃក៏ដោយ ប៉ុន្តែបានរួមចំណែកតិចជាងមុន ក្នុងត្រីមាសទី២នេះ ខណៈចំនួនភ្ញៀវទេសចរបរទេសបរទេសបានធ្លាក់ចុះ ៣,២% ធៀបនឹងឆ្នាំមុន បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា ការវិនិយោគឯកជន វិស័យអេឡិចត្រូនិក ការនាំចេញ និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេមើលឃើញថា ជួយទប់ស្កាត់ការថមថយបានមួយផ្នែកប៉ុណ្ណោះ។

ប្រភព៖ Reuters