|

ស្ថានទូតអាម៉េរិក រំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងគាំទ្រយន្តការជាក់ស្តែង ក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ


ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានសម្រេចនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រដល់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែន។

តាមសាររបស់ស្ថានទូតអាម៉េរិក បានរំលឹកថា កាលពីឆ្នាំមុន ការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត ប្រជាពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងធ្វើឱ្យសហគមន៍នៅសងខាងព្រំដែនប្រឈមនឹងភាពមិនច្បាស់លាស់។

ជាមួយគ្នានោះ ស្ថានទូតបានបន្តថា បីខែក្រោយមក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួនាទីសម្របសម្រួលឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ» ដែលត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។ កិច្ចព្រមព្រៀងនេះ បានបង្កើតក្របខណ្ឌការទូតមួយ សម្រាប់បញ្ចប់អំពើហិង្សា និងជំរុញការដោះស្រាយបញ្ហាព្រំដែនដែលអូសបន្លាយជាយូរមកហើយ។

ទន្ទឹមនឹងនេះ ស្ថានទូតអាម៉េរិកបានគូសបញ្ជាក់ថា ទោះបីនៅមានការងារជាច្រើនដែលត្រូវបន្តអនុវត្តក៏ដោយ កិច្ចព្រមព្រៀងនេះនៅតែជាមូលដ្ឋានសំខាន់ ដែលផ្តល់ឱ្យកម្ពុជា និងថៃនូវយន្តការជាក់ស្តែង ក្នុងការកាត់បន្ថយភាពតានតឹង ទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះ និងលើកកម្ពស់ការកសាងទំនុកចិត្តរវាងភាគីទាំងពីរ។

ប្រភព៖ US Embassy Phnom Penh, Cambodia