លោកស្រី Angelina Jolie ផ្ញើសារដ៏រំជួលចិត្ត ក្នុងថ្ងៃខួប១ឆ្នាំនៃជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយភាគីថៃនៅតាមបណ្តោយព្រំដែនកម្ពុជា
ក្នុងឱកាសខួប ១ ឆ្នាំ នៃការចាប់ផ្ដើមជម្លោះដែលប្រដាប់អាវុធដែលបង្កឡើងដោយភាគីថៃនៅតាមបណ្តោយព្រំដែនកម្ពុជា លោកស្រី Angelina Jolie តារាសម្ដែងហូលីវូដ សញ្ជាតិអាម៉េរិក និងកម្ពុជា និងសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ បានបង្ហោះសារលើបណ្តាញសង្គម Instagram ដោយសម្តែងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះ និងនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន។


លោកស្រីបានរំឭកថា កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា ដែលបានប៉ះពាល់ដល់សុវត្ថិភាព និងស្ថិរភាពរបស់ប្រជាពលរដ្ឋជាច្រើន។ មកដល់ពេលនេះ ប្រជាពលរដ្ឋជិត ៣០ ០០០នាក់ នៅតែបន្តផ្លាស់ទីលំនៅនៅក្នុងប្រទេស និងមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញបាននៅឡើយ។
លោកស្រី Angelina Jolie បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដ៏ពិសេសសម្រាប់លោកស្រី និងគ្រួសារ ដោយជាប្រទេសកំណើតរបស់កូនប្រុសលោកស្រី ហើយក៏ជាទីកន្លែងដែលមូលនិធិ Maddox Foundation បានធ្វើការជាមួយក្រុមការងារក្នុងស្រុកអស់រយៈពេលជាង ២០ឆ្នាំ លើការងារអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍។ លោកស្រីក៏បានរំឭកថា នៅពេលជម្លោះបានផ្ទុះឡើងកាលពីឆ្នាំមុន មូលនិធិត្រូវជម្លៀសបុគ្គលិក និងក្រុមគ្រួសារចេញពីតំបន់ ដែលជាការរំឭកដ៏ឈឺចាប់មួយអំពីផលប៉ះពាល់នៃជម្លោះ។
ជាមួយគ្នានេះ លោកស្រីបានបង្ហាញក្តីស្រឡាញ់ចំពោះកម្ពុជា និងប្រជាជនកម្ពុជា ដោយលើកឡើងថា ទោះបីការងាររបស់មូលនិធិបានបន្តដំណើរការឡើងវិញ ក្នុងការការពារធនធានធម្មជាតិ និងគាំទ្រសុខភាព ព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ក៏ដោយ បេះដូងរបស់លោកស្រីនៅតែស្ថិតនៅជាមួយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំថ្ងៃអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ។















